លោក​ត្រាំ អាច​នឹងត្រូវ​ដកហូត​តំណែង​ប្រធានាធិបតី

អាមេរិក ៖ ដោយសារ​វិវាទ​ផ្ទៃក្នុង​កាន់តែខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោកស្រី Elizabeth Warren មក​​​ពី​​​​រដ្ឋ Massachesetts បាន​អំពាវនាវ​ដល់​គណរដ្ឋមន្ត្រី និង​សភា ដកហូត​តំណែង​ប្រធានាធិបតី​ពី​​​​លោក​​​​ត្រាំ ដោយសារតែ​បង្កឲ្យ​មាន​វិវាទ​កាន់តែខ្លាំង​ឡើង​។ បន្ទាប់ពី​មាន​អត្ថបទ​ស្តីពី​មន្ត្រីជាន់ខ្ពស់ ជាច្រើនរូប​បាន​រិះគន់​លោក​ត្រាំ។​

​លោកស្រី Elizabeth Warren បាន​និយាយ​ទៅកាន់​សារព័ត៌មាន CNN ថា «​ប្រសិនបើ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់ លោក​​​​ត្រាំ មិន​​​មាន​​​​សម​ត្ថភាព ក្នុងការ​អនុ​វតន៍​តាម​ភារកិច្ច​របស់លោក​ត្រាំ គួរតែ​ពិភាក្សា តាម​មាត្រា​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ ក្នុងការ​ដកហូត​ដំណែង​»​។​

​លោកស្រី Elizabeth Warren​ បញ្ចា​ក់ថា «​នៅក្នុង​រដ្ឋធម្មនុញ្ញ បាន​បញ្ចាក់​យ៉ាងច្បាស់​ថា ក្នុងករណីអនុ​ប្រធានាធិបតី​និង​មន្ត្រីជាន់ខ្ពស់ នៅ​​​ក្នុង​​​​ជួរ​​​​គណរដ្ឋ​​​មន្ត្រី យល់​​​ឃើញ​​​ថា ប្រធានាធិបតី មិនមាន​សមត្ថភាព​នៅក្នុង​ការដឹកនាំ​ទេនោះ មន្ត្រី​ទាំងអស់​មាន​សិទ្ធ យក​ឯកសារ​ចេញពី​តុ​ធ្វើការ​របស់​ប្រធានាធិបតី​។ មន្ត្រី​ទាំងអស់​បាន​ស្បថ​ការពារ​រដ្ឋធម្មនុញ្ញ អាមេរិក ហើយ​ដល់​ពេលដែល​មន្ត្រី​ទាំងអស់​ត្រូវធ្វើ​ការងារ​បស់​ខ្លួន​»​។​

​ការលើកឡើង​របស់ លោកស្រី ​Elizabeth Warren ដែលជា​បុគ្គល​អាច​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត នា​ឆ្នាំ​​​​២០២០ ក្រោយ​​​ពេល​​​​សារ​​​ព័ត៌មាន New York Times បាន​ផ្សាយ​នៅ​អត្ថបទ​វិភាគ របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​​​​ឈ្មោះ បាន​​​​បញ្ចា​ក់​​​ថា គោលនយោបាយ បង្កឲ្យ​មាន​វិវាទ ចងគំនុំ និង​ខ្វះ​ប្រសិទ្ធិភាព របស់លោក​ត្រាំ កំពុងតែ​ធ្វើ​ឲ្យ​អាមេរិក​​​​បែក​​​បាក់ ហើយ​​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​​នៅ​​​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ខិតខំ​ដើម្បី​ផ្លាស់ប្តូរ កម្មវិធី​នយោបាយ​របស់លោក​ត្រាំ​។​

​នៅក្នុង​អត្ថបទ​នោះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា សមាជិក​គណរដ្ឋមន្ត្រី​មួយចំនួន ក៏មាន​គម្រោង អនុវត្តតាម​មាត្រា​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក ក្នុង​​​ការ​​​​ដក​​​ហូត​​​​សិទ្ធ​​​​សម្រេច​​​​នយោបាយ​​​​របស់​​​លោក​ត្រាំ ។ ប៉ុន្តែ មន្ត្រី​ទាំងនោះ​ត្រូវ​ផ្អាក់​វិញ ដោយ​ខ្លាច​វិបត្តិកាន់តែ​ធំ​។ សេត​វិមាន​បាន​​​​ប្រតិកម្ម​​​​យ៉ាង​​​ខ្លាំង​​​​ទៅ​​​លើ​​​​អត្ថបទ​​​​វិភាគ​​​​ខាង​​​លើ ដោយ​ចោទប្រកាន់ថា​ជា ជន​ក្ប​ត់ និង ថោកទាប​។​

​មាត្រា​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​បានកែតម្រូវ​បន្ថែម​កាលពី​ឆ្នាំ​១៩៦៧ បានកំណត់​ពី​វិធី កាត់ក្តី​ប្រធានាធិបតី ប្រសិនបើ​មិនមាន​សមត្ថភាព​​​​ដឹក​​​នាំ​​​​ប្រទេស​​​ជាតិ ដោយ​​​​មូល​​​ហេតុ​​​​ផ្សេងៗ ឬ​​​ក៏​ស្លាប់ ។ ពេលនោះ​អនុ​ប្រធានាធិបតី និង​សមាជិក​គណរដ្ឋមន្ត្រី​ភាគច្រើន គាំទ្រ អនុ​ប្រធានាធិបតី​នឹង​ឡើងកាន់តំណែង​ជំនួស​វិញ ។​

​ប្រសិនបើ​ចង់​ផ្លាស់ប្តូរ​ប្រធានាធិបតី​កំពុងតែ​កាន់អំណាច គណរដ្ឋមន្ត្រី​ត្រូវ​ផ្ញើលិខិត​ទៅកាន់​សភា ក្នុងការ​បកស្រាយ ពី​ហេតុផល ប្រធានាធិបតី​​​​មិន​​​​សម​​​ស្រប​​​​ក្នុង​​​​ការ​​​ដឹក​​​នាំ​​​​ប្រ​​​ទេស​​​ជាតិ​។ ពេលនោះ​សភា​ត្រូវការ​សម្លេងគាំទ្រ ២/៣ ទើប​អាចដកហូត​តំណែង​ប្រធានាធិបតី​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close