ស្ដាប់​សម្ដី នូ សុ​ផេ​ន ទើប​ដឹង​ករណី​ល្ខោន​​​ខោល ស្ថាប័ន​​​​ធំ​​​​២ មិន​​​អាច​​​​ព្រងើយ​​​កន្តើយ​

ភ្នំពេញ ៖​ បន្ទាប់ពី​ករណី​ល្ខោនខោល​បានក្លាយ​ជា​ប្រធានបទ​ឡើង​កំដៅ រហូត​ប្រែក្លាយជា​ជម្លោះ​ពាក្យសម្ដី​រវាង​ក្រុម​អ្នកគាំទ្រ​ល្ខោន​ថៃ និង​អ្នកគាំទ្រ​ល្ខោនខោល​កម្ពុជា​នោះ លោក នូ សុ​ផេ​ន ដែល​ត្រូវគេ​ស្គាល់​ថា​បានរួម​ចំណែក​បំផុស​ល្ខោនខោល នៅក្នុង​កម្មវិធី​របស់​ទូរទស្សន៍​អប្សរា​នាពេល​កន្លងមក និង​ជា​អ្នកស្រាវជ្រាវ​សិល្បៈ​បុរាណ​ខ្មែរ​មួយរូប​ដែរ បាន​ចេញមុខ​ឆ្លើយឆ្លង​។ លោក​បាន​ទាំង​បានធ្វើការ​រិះគន់​ចំពោះ​ភាព​ពុះកញ្ជ្រោល​តែមួយ​ពេល និង​បាន​ទទូច​អោយ​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​លើ​សិល្បៈ​ទម្រង់​បុរាណ​ឡើងវិញ​។​

​លោក នូ សុ​ផេ​ន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម​វិធី​ប្រចាំ​ទូរទស្សន៍​អប្សរា បាន​អះអាងថា លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​ចំពោះ​ភាព​កញ្ជ្រោល​របស់​ស្រទាប់​មហាជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើនឡើង ដែល​បាន​រួមគ្នា​បំផុស និង​ចែកចាយ​អោយ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​កាន់តែច្បាស់​ពី​ល្ខោនខោល​របស់​ខ្មែរ ក្នុងពេល​មាន​ដំណឹង​ថា​សិល្បៈ​មួយ​នេះ ភាគី​ប្រទេស​ថៃ កំពុង​ស្វះស្វែង​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​ពិភពលោក ដែល​ក្នុងពេល​ដ៏​ខ្លី​គឺ​អង្គការ​យូ​នី​ស្កូ នឹងធ្វើ​ការសម្រេច​ឲ្យ​ថៃ ឬ​ឲ្យ​ខ្មែរ​។ នេះ​ជា​ទង្វើ​ដ៏​ប្រពៃ ដែល​លោក​ថា​នឹង​ធ្វើអោយ​ក្មេងជំនាន់ក្រោយ និង អ្នក​មិន​ធ្លាប់​ចង់ដឹង​ចង់​ស្គា​ល់ពី​សិល្បៈ​មួយ​នេះ មានការ​ចាប់អារម្មណ៍​ឡើងវិញ​។ យ៉ាងណាមិញ អ្វីដែល​បានធ្វើ​ឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការការពារ និង​អភិរក្ស​ចំពោះ​ល្ខោនខោល និង​សិល្បៈ​បុរាណ​ខ្មែរ​ផ្សេងទៀត​នៅឡើយ​ទេ ប្រសិនបើ​ខ្វះ​ការគាំទ្រ និង​ទៅ​ទស្សនា​ដោយផ្ទាល់​ដើម្បី​ជាការ​លើក​កម្លាំងចិត្ត​ដល់​ក្រុម​សិល្បករ​សិល្បការិនី​នៅពេល​មានការ​សម្ដែង​។

លោក​ថា​ជា​រឿង​សង្វេគ​ណាស់ ដែល​ក្រុម​សិល្បៈ​ល្ខោនខោល​មិន​ថា​របស់​ក្រុម​វិចិត្រសិល្បៈ និង​មិន​ថា​របស់​សមាគម​ណាមួយ​នោះទេ ឲ្យ​តែ​ធ្វើការ​សម្ដែង គឺ​ស្ទើរ​មិនមាន​អ្នក​ទៅ​ទស្សនា​តែម្ដង ដោយ​លុះត្រា​តែមាន​គណអធិបតី​ធំៗ ឬ​តំណាង​ព្រះមហា​ក្សត​ទៅធ្វើជា​គណអធិបតី ទើប​មាន​អ្នក​អង្គុយ​ទស្សនា ដែល​ហាក់​មិនអោយ​តម្លៃ​សិល្បៈ​បុរាណ​មួយ​នេះ​ទាល់តែសោះ​។ លោ​កថា​បញ្ហា​មិន​ឲ្យ​តម្លៃ​របស់​មហាជន វា​ពាក់ព័ន្ធ​កត្តា​ច្រើនឡើង​ដែល​បញ្ហាសំខាន់ គឺ​ការមិន​យកចិត្តទុកដាក់​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​តែម្ដង​។​

​លោក នូ សុ​ផេ​ន បន្តថា ដើម្បី​ចូលរួម​អភិរក្ស​សិល្បៈ​បុរាណ​របស់​ខ្មែរ​កុំអោយ​ប្រទេសជិតខាង​យក​ជា​របស់ខ្លួន​បាន ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន គួរតែមាន​ម៉ោង​កំណត់​មួយ​ឲ្យ​ដូចៗ​គ្នា តម្រូវអោយ​បណ្ដា​ទូរទស្សន៍​ទាំងអស់​ត្រូវតែ​មានកម្ម​វិធី​ពាក់ព័ន្ធ​នឹង​ទម្រង់​សិល្បៈ​បុរាណ​ឲ្យ​ដូចគ្នា​នៅក្នុង​ម៉ោង​ណាមួយ​ជាក់លាក់ ពោលគឺ​ធ្វើ​ដូច​ការកំណត់​ឲ្យ​មាន​ភាពយន្ត​ខ្មែរ​ដាក់​ផ្សាយ​ក្នុង​ម៉ោង​ស្របគ្នា នៅ​ចន្លោះ​ពី​ម៉ោង​៧ ដល់​ម៉ោង​៩​ដូច្នោះ​ដែរ ដើម្បីអោយ​ក្រុម​សិល្បៈ​បែប​បុរាណ​ក៏មាន​ការងារ និង​ជាការ​បំផុស​អោយ​ស្រទាប់​មហាជន​ត្រូវតែ​ឃើញ ត្រូវតែ​យល់ និង​ងាក​មក​គាំទ្រ​ឲ្យ​បាន​ច្រើន​ផង ដោយ​មិនមែន​គ្រាន់តែ​ស្នើៗ​ហើយ​បណ្ដា​ទូរទស្សន៍​ធ្វើ មិន​ធ្វើ​ស្រេច​តែ​ចិត្ត​នោះទេ​។​

​លោក​ថា​វា​មិនអាច​ទៅរួច​បានទេ ប្រសិន​មានតែ​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ ឬ​២ ប្រឹង​ធ្វើ​កម្មវិធី​លើកស្ទួយ​ទម្រង់​បុរាណ ខណៈដែល​ប៉ុស្ដិ៍​ទូរទស្សន៍​ស្ទើរ​ទាំងអស់​ខ្វល់​តែ​រឿង​ផលិតកម្ម​វិធី​យកលុយ ដោយ​មិន​ខ្វល់​ពី​ការជួយ​បំផុស​ទម្រង់​បុរាណ​។ ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន គឺ​ដល់ពេល​ហើយ ដែល​គួរតែ​ធ្វើ​កិច្ច​អន្តរាគមន៍​ដល់​បណ្ដា​ទូរ​ទស្ស​ន៏​លើ​ករណីនេះ ដើម្បី​កំណត់អោយ​បណ្ដា​ទូរទស្សន៍​ត្រូវតែ​ទុក​ម៉ោង​មួយ​ឲ្យ​ដូចៗ​គ្នា ផ្សាយ​តែ​សិល្បៈ​ទម្រង់​សិល្បៈ​បុរាណ ហើយ​លោក​ពិតជា​សង្វេគ​ចិត្តខ្លាំង នៅពេលដែល​ប៉ុស្ដិ៍​ទូរទស្សន៍​ក្នុងស្រុក​មិនមាន​ការរួមចំណែក​អោយបាន​ផុសផុល​លើ​ការផលិត​កម្មវិធី​វប្បធម៌ ឲ្យ​ដូចគ្នា​នឹង​ប្រទេសជិតខាង​។ លោ​កថា​បរិបទ​បែបនេះ បើ​រង់ចាំ​អោយ​បណ្ដា​ទូរទស្សន៍​ធ្វើការ​ភ្ញាក់រលឹក​ដើម្បី​ប្រជែង​គ្នា​ផលិត​កម្មវិធី​បុរាណៗ គឺ​មិនអាច​នោះទេ គឺ​លុះត្រាតែ​មានការ​កំណត់​ឲ្យ​ដូចគ្នា​នឹង​ការ​តម្រូវអោយ​ដាក់​ផ្សាយ​ភាពយន្ត​ខ្មែរ ទើប​សិល្បៈ​បុរាណ​ទាំងឡាយ អាច​រស់​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close