រថយន្ត​វី​ហ្គោ​បើក​បុក​រថយន្ត​ដឹកទំនិញ​បង្ក​ឲ្យ​មនុស្ស​របួសធ្ងន់​៤​នាក់​

បន្ទាយមានជ័យ ៖ សង្ស័យ​តៃកុង​ងងុយដេក រថយន្ត​វី​ហ្គោ​មួយគ្រឿង បើក​បុក​រថយន្ត​ដឹកទំនិញ​ពេញទំហឹង បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​៤​នាក់ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងកើត​ផ្លូវ​ចូល​ភូមិ​អញ្ចាញ ប្រហែល ១០០​ម៉ែត្រស្ថិតក្នុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ មាន​រថយន្ត​តូច​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ សឹម សុ​ភ័​ណ្ឌ​ណា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ធុនធំ​ដឹកទំនិញ​មួយគ្រឿង​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1832 បើកបរ​ដោយ​ឈ្មោះ ប៉ោ សុ​ផុន អាយុ​៣៨​ឆ្នាំ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២ ធ្លាក់​និង​បង្ក​ឲ្យ​តៃកុង​រថយន្ត​វី​ហ្គោ និង អ្នករួមដំណើរ​៣ នាក់​ទៀត រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន ស្រុក​មង្គល​បូរី​។​

ក្រោយ​កើតហេតុ រថយន្ត​ទាំង​២ ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close