ម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់នៅបាត់ដំបង ពាក់ព័ន្ធករណីល្បែងទឹកភ្លៀង
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យ (៨ សីហា) ម្សិលមិញ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ទឹកភ្លៀង)ចំនួន០២ ចំណុចគឺនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងចំណុចក្នុងព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់រួមទាំងរថយន្ត និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតនោះរួមមាន ៖ ទូរស័ព្ទដៃ ចំនួន ០៧ គ្រឿង, វិទ្យុទាក់ទងចំនួន ០៥ គ្រឿង និងរថយន្តចំនួន ០៣ គ្រឿង ។
បើតាមការលើកឡើងរបស់ស្នងការដ្ឋាននគបាលខេត្តបាត់ដំបងលើកឡើងថា ករណីល្បែងភ្នាល់ទឹកភ្លៀងនេះ កន្លងទៅសមត្ថកិច្ចធ្លាប់បានធ្វេីការបង្រ្កាប ជារឿយៗហេីយថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង តែអ្នកប្រព្រឹត្តមួយចំនួន មិនបានបោះបង់នោះទេ ក្នុងនោះ ពួកគាត់បានផ្លាស់ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រេីនៗ ទៅជារូបភាពតូចៗ នៅតាមទីវាលស្រែឆ្ងាយ ឬទីឆ្ងាយស្រឡះ ដេីម្បីមេីលមេឃ និងបានឃេីញជាមុនក្នុងករណីពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។
យ៉ាងណាក៏ដោយ អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង៥នាក់ខាងលើ ព្រមទាំងសម្ភារៈភស្តុតាងផងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។