ស្នងការខេត្តព្រៃវែង បំភ្លឺជុំវិញករណីម្ចាស់ទីតាំងល្បែងនៅស្រុកកំពង់ត្របែកបង្កហិង្សាវាយតប់ទៅលើអ្នកសារព័ត៌មាន

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីម្សិលមិញនេះ បានធ្វើ​ការ​បំភ្លឺជូនសាធារណជន អំពីខ្លឹមសារនៃសារព័ត៌មាន KH PLUS News បានចុះថតធ្វើការអត្ថាធិប្បាយផ្សាយផ្ទាល់ (Live) លើបណ្តាញទំនាក់ទំនងសង្គមដោយបានអះអាងថា នៅចំណុចភូមិ ព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានលេងល្បែងប្រជល់មាន និងអាប៉ោង យ៉ាងគគ្រឹគគគ្រេង និងបង្កហិង្សាវាយតប់ទៅលើអ្នកសារព័ត៌មាន។

ចំពោះករណីនេះ នៅថ្ងៃទី៨ សីហា ឆ្នាំ​២០២១ សមត្ថកិច្ច បានអញ្ជើញប្រជាពលរដ្ឋចំនួន០២នាក់ (ឈ្មោះឆុន តឹក ភេទប្រុសនិងឈ្មោះ ឡុង ពុធ ភេទប្រុស) ដែលទាំងពីរនាក់បានបំភ្លឺអះអាងថា មានមនុស្សប្រហែល១០នាក់ជួបជុំគ្នា មានបំណងរៀបចំលេងល្បែងប្រជល់មាន់ ប៉ុន្តែពុំសម្រេចដោយសារក្រុមសារព័ត៌មានបានចុះមកដល់ធ្វើការថតផ្សាយផ្ទាល់ ខណៈនោះក្រុមមនុស្សទាំងនោះបានបំបែកគ្នាចេញពីទីតាំងនោះតែម្តង។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានរកឃើញថា កន្លងមក ម្ចាស់ផ្ទះឈ្មោះ ព្រាប សារ៉េត និងប្រពន្ធឈ្មោះ ជា មករា ធ្លាប់បានផ្តល់ទីតាំងលេងល្បែងប្រជល់មាន់ និងអាប៉ោងប្រាកដមែន ហើយម្ចាស់ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង។

អំឡុងពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ត្រូវបានអ្នកភូមិប្រមាណជា ១០នាក់ ធ្វើការរារាំង ដោយពុំអនុញ្ញាតឲ្យធ្វើការថតរូបភាពសកម្មភាពនោះឡើយ ប៉ុន្តែពុំបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមនោះទេ ។

ពាក់ព័ន្ធករណីនេះ លោកអធិការនគរបាលស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញក្រុមអ្នកសារព័ត៌មាន KH PLUS News និងម្ចាស់ផ្ទះមកធ្វើការពន្យល់ណែនាំ សម្របសម្រួល ដោយភាគីទាំងពីរ បានទទួលយកការព្រមព្រៀងសះជា មិនប្រកាន់ជំហរប្តឹងផ្តល់គ្នានោះទេ និងបានធ្វើការសុំទោសគ្នាទៅវិញទៅមកដោយសន្តិវិធី។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តស្រាវជ្រាវករណីខាងលើបន្ថែមទៀត ក្នុងករណីរកឃើញភស្តុតាងអាចដាក់បន្ទុកលើក្រុមអ្នកញៀនល្បែងទាំងនោះ នឹងកសាងសំណុំរឿងតាមនីតិវិធីដើម្បីឈានដល់ការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំងខាងលើ បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែលស៊ីសងបន្តទៀតផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់តែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close