ជប៉ុន រង​ការវាយប្រហារ​ដោយ​ព្យុះ Lupit បង្ក​ឲ្យ​មាន​ភ្លៀងខ្យល់​ខ្លាំង​

​ក្រោយ​វាយប្រហារ​ប្រទេស​ចិន បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជិត​១០០ នាក់ និង​បង្ក​ឲ្យ​មាន​គ្រោះ​តឹក​ជំនន់​នៅ​ខេត្ត​ក្រុង​ជាច្រើន ។ នៅពេល​នេះដែរ ព្យុះ លូ​ភិត បាន​ចូលដល់​ប្រទេស​ជប៉ុន​។​

​ព្យុះ​ទី​ហ្វុ​ង Lupit បាន​វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាល​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​នេះ ជាមួយនឹង​ខ្យល់​បោកបក់​យ៉ាង​សន្ធប់ អម​មកជា​មួយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ក្រោយពី​វា​បាន​បោកបក់​ទៅលើ​តំបន់​កោះ គ្យូ​ស៊ុ (Kyusu) នៃ​ភាគ​និរតី និង​បង្ក​ឲ្យ​មានការ​បាក់​ដី​ផងដែរ ប៉ុន្តែ​មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់ថា មាន​ជនរងគ្រោះ​នៅឡើយ​ទេ​។​

​យោងតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន (JMA) Lupit គឺជា​ព្យុះ​ទី​ហ្វុ​ង​ទី ៩ ហើយ ដែល​បាន​បោកបក់​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​២០២១​នេះ ហើយ​វា​នឹង​រំកិល​ទៅ​ដែនសមុទ្រ​ជប៉ុន (Japan Sea) នៅវេលា​ម៉ោង ៥៖០០​នាទី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ (​ម៉ោង​នៅ​តូ​ក្យូ​)​។ វា​ក៏​អាច​នឹង​បង្ក​ឲ្យ​មានការ​បាក់​ដី​នៅក្នុង​ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) ផងដែរ​។ បន្ថែម​ពីនេះ តំបន់​ភាគ​ខាងជើង​, ភាគ​ខាងកើត និង​ភាគ​ខាងលិច​របស់​ជប៉ុន ត្រូវបាន​អាជ្ញាធរ​ព្យាករណ៍​ថា នឹង​ទទួលរង​ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង Lupit ដូចជា ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​យ៉ាង​សន្ធប់ រហូតដល់​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​

​គួរ​បញ្ជាក់ថា នៅ​ចំពោះមុខ​គ្រោះធម្មជាតិ​ខាងលើនេះ អាជ្ញាធរ​ជប៉ុន​បាន​ណែនាំ​ឲ្យ​ប្រជាជន មានការ​ត្រៀមលក្ខណៈ​កម្រិត​ខ្ពស់​ទុកជាមុន ចំពោះ​ការកើតមាន​គ្រោះទឹកជំនន់ និង​បាក់​ដី ជាពិសេស​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima), ហ្ស៊ី​ម៉ា​ណិ (Shimane), អេ​ហ៊ី​ម៉ិ (Ehime) និង​ខេត្ត អូ​អ៊ី​តាក់ (Oita) ជាដើម​។ បន្ថែម​ពីនេះ ទឹក​នៅតាម​ដង​ទន្លេ​មួយចំនួន​នៅក្នុង​ខេត្ត Hiroshima និង យ៉ាម៉ា​គូ​ឈិ (Yamaguchi) ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​កើនឡើង​លើសពី​កម្រិត​ប្រកាសអាសន្ន​ទៅហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close