ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទថ្មី នឹងត្រូវដាក់លក់ក្នុងតម្លៃត្រឹម ២ដុល្លារប៉ុណ្ណោះ!
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងដាក់លក់ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ (Rapid Test) ប្រភេទថ្មីនាំចូលពីប្រទេសចិន ដែលងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់ ក្នុងតម្លៃដើមត្រឹម ២ដុល្លារតែប៉ុណ្ណោះ នៅសប្តាហ៍ក្រោយនេះ។
គម្រោងដាក់លក់ឧបករណ៍តេស្តរហ័សប្រភេទថ្មីនេះ ត្រូវបានលោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ឧបករណ៍ថ្មីនេះ ងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះប្រហែលត្រឹម១ថ្នាំងដៃប៉ុណ្ណោះ ហើយមានគុណភាពខ្ពស់គួរឲ្យទុកចិត្តបាន។ ឧបករណ៍តេស្តរហ័សនេះ ក៏នឹងមានដាក់លក់នៅតាមបណ្តាឱសថស្ថាននានាដែរ ដែលក្នុងនោះក្នុងមួយប្រអប់មានឧបករណ៍ចំនួន ២៥តេស្ត និងឧបករណ៍តេស្ត១ថ្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា កន្លងមកឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ១៩ចំនួន ៤ប្រភេទប៉ុណ្ណោះ ដែលក្រសួងសុខាភិបាល ទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។