ថៃ នៅតែបន្តរកឃើញអ្នកឆ្លងកូវីដថ្មីជិត ២ម៉ឺនករណី រីឯចំនួនអ្នកស្លាប់កើន ២៣៥នាក់ទៀត!
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់៤៤៥ករណីជាប្រជាជនទូទៅ និង ៣៩៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ។
ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់៨០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៦ម៉ឺន៧ពាន់៨៨ករណី ក្នុងនោះមានអ្នកជំងឺ៥៥ម៉ឺន៧១៤នាក់បានជាសះស្បើយឡើងវិញ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧៩ម៉ឺន៥ពាន់៩៥១ករណី និងអ្នកជំងឺ៥៧ម៉ឺន៨ពាន់១៤០នាក់បានជាសះស្បើយឡើងវិញ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៤៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៥៨៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។