ស្រវឹងស្រា​ចាប់​សត្វ​ហែក​ស៊ី​ទាំង​រស់ សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្តកំពង់ចាម​៖​មាន​ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​កម្រ​បាន​ជួប​ដោយ​យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​ហើយ​ប្រព្រឹត្តិ​នូវ​ទង្វើ​មិន​គប្បី​ដោយ​ចាប់​សត្វ​ហែក​ស៊ី​ទាំង​រស់ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១៩:៣០​នាទី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះទៅ​តាមឃ្លាំមើល​ផងដែរ​។​យុវជន​ខាងលើនេះ​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅក្នុង​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ដោយបាន​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​គីង្គក់​អស់​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ទាំង​រស់​១​ក្បាល​ថែម​ទៀតផង​។​

លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការនគរបាល​ស្រុក​កោះសូទិន បាន​ប្រាប់ថា មួយរយៈ​នេះ​យុវជន​ខាងលើ​បាន​ចេញពីផ្ទះ​ទៅលេង​ម្តាយ​នៅ​ភ្នំពេញ​ជាច្រើន​ថ្ងៃ​ហើយ​?​ផ្ទះ​នៅ​ភូមិ​កោះ​ចិន​បាន​បិទទ្វារ​ចាក់សោ​ចោល លុះ​ត្រឡប់មកវិញ​ទើបតែ​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី​៨ កញ្ញា បាន​ចេញទៅ​ច្រូតស្មៅ​ជាមួយនឹង​អ្នកជិតខាង ពេល​មកវិញ​ក៏​ទិញ​ស្រា​ផឹក​ម្នាក់ឯង​នៅលើផ្ទះ​ឈើ​របស់ខ្លួន​។​

អធិការនគរបាល​ស្រុក​ប្រាប់​បន្តថា យុវជន​នោះ​មុន​ផឹក​បាន​ប្រាប់​ទៅ​អ្នកជិតខាង​ថា សូម​ឲ្យ​ជួយ​ប្រាប់​ដល់​សាច់ញាតិ​របស់ខ្លួន​ថា «​ល្ងាច​នេះ​រូបគេ​ដូច​មិន​ស្រួលខ្លួន​ទេ សូមជួយ​ប្រាប់​ទៅ​បងប្អូន​ឲ្យ​បានដឹង ព្រោះ​ក្នុង​ខ្លួន​ដូច​មាន​មនុស្ស​ប៉ុន្មាន​នាក់​អញ្ចឹង​»​។ លុះដល់​ម៉ោង​១៩:៣០​នាទី​យប់​ស្រាប់តែ​ឮសូរ​សម្លេង​ឆ្កែ​ស្រែក ពលរដ្ឋ​ក៏​នាំគ្នា​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏​ឃើញ​យុវជន​នេះ​ហែក​កូន​ឆ្កែ​ស៊ី​ទាំង​រស់​ពិតជា​គួរ​ឲ្យ​ខ្លាច​។​

សូមបញ្ជាក់ថា កូន​ឆ្កែ​ដែល​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​អស់​២​ក្បាល ក្នុងនោះ​១​ក្បាល​ហែក​ខាំ​ស៊ី​ត្រង់​បំពង់ក​ហុតឈាម ស៊ី​គីង្គក់​ទាំង​រស់​ចំនួន​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ ​ទាំង​រស់​១​ក្បាលសត្វ​ទាំងនេះ​ជា​របស់ខ្លួន​។

ដោយ​ឃើញ​សភាព​បែបនេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​រូបលោក​(​ដម​ត្ថ​កិច្ច​)​ហើយក៏​ចាត់​ឲ្យ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រាប និង​ប្រជា​ការពារ​ចុះទៅ​ដល់ផ្ទះ​នោះ តែ​មិនឃើញ​យុវជន​នោះ​នៅផ្ទះ​ទេ រហូត​ម៉ោង​២១;១៥​នាទី​យប់​យុវជន​នោះ​ត្រឡប់មក​លើផ្ទះ​វិញ​ព្រមទាំង​បិទទ្វារ​ដេក​។ ដោយ​បារម្ភ​ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្រោះថ្នាក់​?​សមត្ថកិច្ច​នៅ​ឃ្លាំមើល​រហូតដល់​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៩ ក៏​ទៅ​គោះទ្វារ​ឲ្យ​បើក ប៉ុន្តែ​យុវជន​នោះ​មិន​ព្រម​បើក​ទេ ថែមទាំង​ឆ្លើយថា​នៅ​ដេក​។​

លោក​អធិការ​បញ្ជាក់ថា ដោយ​យុវជន​នោះ​មិនទាន់​ប្រព្រឹត្ត​នូវ​ទង្វើ​អ្វីមួយ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ឲ្យ​នៅតាម​ឃ្លាំមើល​រហូត ស្រាប់តែ​ម៉ោង​ប្រមាណ​១១:០០​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ យុវជន​នោះ​ក៏​លើក​ពាង​ប្រហុក​បើក​ស៊ី​នៅ​មាត់​ច្រកចូល​ផ្ទះ​ឈើ ចំណែក​សមត្ថកិច្ច​មិន​ហ៊ាន​ឡើងទៅ​ទេ​ដោយ​ខ្លាច​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​អាច​ខ្លាច​ជននេះ​មានកាំបិត ទោះជា​បែបណា​សមត្ថកិច្ច​នូវ​បន្ត​ឃ្លាំមើល​បន្តទៀត​រហូត​ឃាត់ខ្លួន​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close