រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច អះអាង ពី​ការបន្ត​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ក្រោយ​មរណភាព​លោក Beat Richner

​ក្នុងឱកាស​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​សាស្ត្រាចារ្យ Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​រសៀល​ថ្ងៃទី​១១ កញ្ញា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​នៅតែ​បន្ត​និរន្តរភាព​តទៅទៀត ក្រោយ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​

​ឯកឧត្តម​បានលើកឡើង​ថា យើង​បាន​ពិភាក្សាគ្នា​ជាច្រើន​ដង​អំពី​ការរៀបចំ​មន្ទីរពេទ្យ​គន្ធបុប្ផា ការធានា​និរន្តរភាព ការងារ​នៃ​កិច្ចប្រតិបត្តិការ​របស់​មន្ទីរពេទ្យ ហើយ​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​នេះ​ក្លាយទៅជា​មន្ទីរពេទ្យ​ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​កម្ពុជា ដើម្បី​កុមារ​កម្ពុជា ហើយ​យើង​គិតថា វិញ្ញាណក្ខន្ធ​របស់លោក​សាស្ដ្រ​ចា​រ្យ Beat Richner អាច​សោយសុខ​ក្នុង​សុគតិភព​បាន​ហើយ ដោយសារ​ថា​បំណងប្រាថ្នា​របស់លោក​បាន​សម្រេច​ហើយ​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រៀបចំ​កែសម្រួល​ការដឹកនាំ​ក្នុង​មន្ទីរពេទ្យ និង​ការរក​ហិរញ្ញប្បទាន​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ​តាម​ការដែល​លោក​សាស្ត្រា​លោក​ស្រមៃ​ចង់បាន មានន័យថា នៅក្រោយពេល​មរណភាព​របស់លោក​សាស្ដ្រាចារ្យ Beat Richner មន្ទីរពេទ្យ​គន្ធបុប្ផា​នៅតែ​បន្ត​និរន្តរភាព​ដដែល​។​

​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា យើង​មាន​ក្រុមការងារ​ដែល​ធ្លាប់​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក​សាស្ដ្រ​ចា​រ្យ Beat Richner យើង​មាន​ក្រុមការងារ​នៅទីនេះ ហើយ​សុទ្ធតែជា​អ្នក​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការរក្សា​ស្តង់ដា​គុណភាព​នៃ​សេវា​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ​គន្ធរ​បុប្ផា ហើយ​ថា ក្នុងនាម​ឯកឧត្តម​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នឹង​បន្ត​កិច្ចសហការ​ជាមួយនិង​មូលនិធិ​គន្ធបុប្ផា​ស្វី​ស ហើយ​និង​មន្ទីរពេទ្យ​ដើម្បី​បន្ត​ជួយ​ដោះស្រាយ​ខាង​ផ្នែក​ហិរញ្ញប្បទាន ប៉ុន្តែ​ក្រសួង​សុខា ភិ​បាល​ជាមួយនិង​មន្ទីរពេទ្យ​ខ្លួនឯង​ផ្ទាល់ នឹង​បន្តការងារ​ខាង​ផ្នែក​បច្ចេកទេស និង​ការរក្សា​ស្តង់ដា​នៃ​ការគ្រប់គ្រង​ខាង​ផ្នែក​សុខាភិបាល​ដើម្បី​ធានាថា មិន​ឲ្យ​មានការ​ធ្លាក់ចុះ​ឡើយ គឺ​ត្រូវតែ​បន្ត​និរន្តរភាព​រួម​និង​ការកែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាមួយគ្នានេះ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​ក៏​ដូច ជា​មកលើ​មន្ទីរពេទ្យ​គន្ធបុប្ផា​ថា សេវា​របស់​មន្ទីរពេទ្យ​នេះ​រួម​និង​និរន្តរភាព​របស់​មន្ទីរពេទ្យ​ផង ដែរ​នឹងមិន​ត្រូវបាន​បាត់បង់​ទេ ផ្ទុយទៅវិញ​គឺមាន​ការ​តែ​ការពង្រឹង​បន្ថែមទៀត​។ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់​បន្ត​គាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​នេះ ហើយ​ខាង​ផ្នែក​ហិរញ្ញប្បទាន​គឺ​គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​ការចូលរួម​វិភាគទាន​ជា សមាជិក​តាម​ប្រភេទ​ដែល​យើង​មាន មាន​ជា​សមាជិក​កិត្តិយស ឬក៏​ជា​សមាជិក​គាំទ្រ​ដែល មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នឹង​បន្ត​ខិតខំ​ធ្វើ​ដើម្បី​កៀរគរ​ហិរញ្ញប្បទាន​មក​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​គួររំលឹកថា លោក​សាស្ត្រាចារ្យ Beat Richner ដែលជា​ស្ថាបនិក​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​បានទទួល​មរណភាព​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់ពី លោក​បាន​ធ្លាក់ខ្លួន​ឈឺ​អស់​ជាច្រើន​ខែ​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close