ឡ​ដុត​សំណល់​រឹង​សំរាម​ចូលរួម​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​

ខេត្ត​កែប​៖ ឡ​ដុត​សំណល់​រឹង​សំរាម ៥០ ដែល​ក្រសួងបរិស្ថាន​បាន​បំពាក់​ទៅដល់ ២១ រាជធានី​-​ខេត្ត (៤៩​ស្រុក​) បាននិងកំពុង​ចូលរួម​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែលជា​ជំនួយ​បន្ថែម​លើ​ឡ​ដុត​សំណល់​វេជ្ជសាស្ត្រ​ដែលមាន ស្រាប់​នៅតាម​មន្ទីរពេទ្យ​និង​តាម​មណ្ឌល​សុខភាព​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​។

​នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​កាលពីពេល​ថ្មី​នេះ នៅ​អំឡុង​ពេលដែល​ឯកឧត្តម​និង​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ឡ​ដុត​សំណល់​រឹង​សំរាម​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា​ការគ្រប់គ្រង និង​វេច ខ្ចប់​សំណល់​រឹង​សំរាម​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​ពី​អ្នកជំងឺ​ព្យាបាល​តាម​ផ្ទះ​បានល្អ​ប្រសើរ​រួម​នឹង​ការបាញ់​អាល់កុល​សម្លាប់​មេរោគ​ផង​នោះ នឹងចូលរួម​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា យោងតាម​របាយការណ៍​ផ្តល់​ពី​មន្ទីរ​បរិស្ថាន​ទាំង ២៥ ខេត្ត​រាជធានី សំណល់​រឹង​សំរាម​ដែល​បាន​បង្កើតឡើង​នៅតាម មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ មាន​ប្រមាណ ១០០ តោន​ក្នុង​មួយថ្ងៃ​នាពេល​បច្ចុប្បន្ន តែ ចំនួន​នេះ​អាចមាន​ការធ្លាក់ចុះ​ដោយសារតែ​អាត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩ មានការ​ធ្លាក់ចុះ​។

​ឯកឧត្តម​បាន​ថ្លែងថា​នៅតាម បណ្តា​ខេត្ត​មួយចំនួន​ដូចជា​សៀមរាប មណ្ឌលគិរី បាត់ ដំបង​ជាដើម​បាន​ប្រើប្រាស់​ឡ​ដុត​សំណល់​រឹង​សំរាម​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ដែល​មកពី​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថាន​តាមរ​យៈ​មន្ទីរ​បរិស្ថាន​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​លើ​ការងារ​គ្រប់គ្រង​សំណល់​រឹង​សំរាម​ដែល​ចេញពី​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នេះ​។ ​រហូតមកទល់​បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាន​បំពាក់​ឡ​ដុត​សំរាម​សំណល់​រឹង​ចំនួន ៥០ គ្រឿង​ទៅដល់ ២១ រាជធានី​-​ខេត្ត (៤៩​ស្រុក​)​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា ការបំពាក់​ឡ​ដុត​សំរាម​សំណល់​រឹង​នេះ ជា​វិធានការ​បន្ទាន់​ចំពោះមុខ រីឯ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​តាម​លក្ខណ​បច្ចេកទេស ដែលមាន​ធុង​ដាក់​សំរាម​ត្រឹមត្រូវ​មធ្យោបាយ​ដឹក​សំរាម​គ្រប់គ្រាន់ និង​ទីលាន​ចាក់សំរាម​តាម​ខ្នាត​បច្ចេកទេស ទើប​ជា​វិធានការ​ជា​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​។
«​ក្រសួងបរិស្ថាន​បន្ត​គាំទ្រ​និង​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​»​។ នេះ​គឺជា​ការគូសបញ្ជាក់​រប​ស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​បន្ថែមថា ក្នុង​មួយថ្ងៃ កម្ពុជា​បង្កើត​សំរាម​ជាង ១​ម៉ឺន​តោន ហើយ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជិត ៤ លាន​តោន​ដែល​ក្នុងនោះ​សំណល់​សរី​រាង​ប្រមាណ ៦៨% សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ២០% និង​សំណល់​រឹង​/​សំណល់​គ្រោះថ្នាក់​ប្រមាណ​ជាង ១០%​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close