ស្រ្តីម្នាក់ត្រូវរថយន្ត​បុកស្លាប់​នៅតាមផ្លូវ​ទៅអង្គរ ខណៈរថយន្តបង្កបានបើករត់បាត់

កាលពីវេលាម៉ោង​ប្រមាណជិត​៨យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​អតីតកន្លែងលក់សំបុត្រអង្គរ ផ្លូវចូលទៅអង្គរ ក្នុងឃុំគោកចក ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរមួយ​បានកើត​ឡើង ដោយ​រថយន្តមិនស្គាល់ម៉ាក បានបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យ​ស្រ្តីម្នាក់ស្លាប់នៅ​នឹងកន្លែង។

ស្រ្តីរងគ្រោះត្រូវ​គេ​បញ្ជាក់ថា មានឈ្មោះ ឌិន សាម៉េត អាយុ៥៣ឆ្នាំ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប រីឯភាគីរថយន្តបង្ករ បានបើកគេចខ្លួនបាត់ស្រមោល។

បើតាម​អ្នក​ឃើញហេតុការណ៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍​នេះ គឺស្រ្តីរងគ្រោះបានបើកម៉ូតូតាមផ្លូវឆ្ពោះក្នុងទិសដៅទៅប្រាសាទអង្គរ ចំណែករថយន្ត​បានបើក​បញ្រ្ចាស់ទិសគ្នា ហើយនៅពេល​មក​ដល់កន្លែងកើតហេតុក៏បានជួបគ្រោះថ្នាក់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងតែធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវទៅតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close