សេដ្ឋកិច្ច

កម្ពុជានឹងបន្តការនាំអំបិលចូលពីបរទេស

ភ្នំពេញ ៖ “ដោយសារតែការខ្វះខាត​អំបិល​នៅ​កម្ពុជា ព្រោះតែ​អាកាសធាតុ​មិន​អំណោយផល និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​កម្ពុជា នឹង​នាំចូល​អំបិល​ចំនួន​៣​ម៉ឺន​តោន ពី​បរទេស​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ក្នុងនោះអំបិល​២​ម៉ឺន​តោន​នាំចូល​ពីប្រទេស​ចិន និង​១​ម៉ឺន​តោន​ផ្សេងទៀតនាំចូល​ពី​ប្រទេសថៃ។ ​២​ម៉ឺន​តោន​ដែលជា​ប្រភេទ​អំបិលអ៊ីយ៉ូត​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ត្រូវ​នាំចូល​ពី​ចិន រីឯ​១​ម៉ឺន​តោន​ទៀត​ជា​ប្រភេទ​អំបិល​ឧស្សាហកម្ម​សម្រាប់​ការធ្វើ​ប្រហុក ផ្អក ត្រីងៀត ជាដើម​នោះ ត្រូវ​នាំចូល​ពី​ថៃ​”​ នេះជាការអះអាង​រប​ស់លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប។

លោក ប៊ុន​​​ បារាំង បានបញ្ជាក់បន្ថែមទៀតថា​​​ កសិដ្ឋាន​ផលិត​អំបិល​កំពត​-​កែប ដែលមាន​ផ្ទៃដី​ជាង​៤ ៥០០​ហិកតា តែរងគ្រោះ​ដោយ​លក្ខខណ្ឌ​អាកាសធាតុ ដែលមាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ ជាហេតុធ្វើឲ្យកម្ពុជាខ្វះអំបិល​។ លោក​បាន​បន្តទៀតថា សមាគមន៍​ផលិត​អំបិល បានដាក់​សំណើរ​សុំ​គោលការណ៍​ក្នុង​ការនាំ​អំបិល​ចូល​ពី​បរទេស ទៅ​រដ្ឋាភិបាល​រួចហើយ  នៅតែ​រង់ចាំ​សេចក្តីសម្រេច​ប៉ុណ្ណោះ​។​

សូមជម្រាបថា កម្ពុ​ជាមាន​តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​ប្រមាណ​១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​។ ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​នាំចូល​អំបិល​ពី​បរទេស​។ លើកដំបូងកម្ពុជា​នាំចូល​អំបិលពី​ប្រទេស​ចិនក្នុងឆ្នាំ ២០០៨​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close