នាយឧត្តមសេនីយ៍​ នេត សាវឿន ដាក់ចេញវិធានការក្ដៅគ្រប់អគ្គស្នងការ រាជធានី-ខេត្តបង្ក្រាបគ្រឿងញៀនក្នុងក្លិបកម្សាន្ត និងកន្លែងផ្សេងៗ

យោងតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំខែ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ហើយនៅក្នុងនោះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានចែកវិធានការក្តៅចំនួន៣

ទី១៖ ត្រូវបង្កើនសកម្មភាពក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន តាមរយៈការជំរុញគ្រប់យន្ដការដែលមានស្រាប់ ដោយឲ្យអនុវត្តកាន់តែសកម្មបន្ថែមទៀត ខណៈដែលកន្លងមកអនុវត្តទទួលបានលទ្ធផលក៏ពិតមែន ប៉ុន្ដែត្រូវខិតខំធ្វើ​ឲ្យកាន់តែល្អប្រសើរជាងមុន ឲ្យស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ទី២៖ ជំរុញឲ្យលេខាធិការដ្ឋាននៃប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលមានអភិបាលរងរាជធានី-ខេត្ត ទទួលបន្ទុក ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចូលរួមទាំងអស់គ្នាក្រៅពីការបង្ក្រាប ទប់ស្កាត់បញ្ហាគ្រឿងញៀននេះ គឺខិតខំធ្វើសកម្មភាពផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពិសេសយុវជន ដើម្បីឲ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្ដាលមកពី ការប្រើប្រាស់គ្រឿងញៀន។

ទី៣៖ ​ត្រូវអញ្ជើញម្ចាស់ទីតាំងសប្បាយដ្ឋាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បើកម្រិតអាជីវកម្មនោះខ្នាតធំ ត្រូវជួបជាមួយ អភិបាលរាជធានី-ខេត្ត ឬអភិបាលរង និងស្នងការនគរបាល។ ដោយឡែកកម្រិតអាជីវកម្មមធ្យមក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ គឺម្ចាស់ទីតាំងត្រូវជួបជាមួយ អភិបាលក្រុង ស្រុក ខណ្ឌ និងអធិការ។ ក្នុងការសហការនេះត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ក្នុងពេលដែលរាជរដ្ឋាភិបាលអនុវត្តផែនការស្ដីពីការយុទ្ធប្រឆាំងគ្រឿងញៀន។​

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ​​​នេត សាវឿន ក៏បានបញ្ជាក់ប្រាប់ដល់គ្រប់ស្នងការនគរបាលទាំងអស់ ដាច់ខាត់នូវប្រតិបត្តិការនេះ ដោយទទួលខុសត្រូវ តាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៥,៦៤១ករណី ឃាត់ខ្លួនជនសង្ស័យបាន ១១,២៧៥នាក់ ក្នុងនោះស្រី​៩៤៤នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប៤៩៨.៩៦គីឡូក្រាម និង៧៩០កញ្ចប់ កញ្ឆាក្រៀម២៥.៩៦គីឡូក្រាម កញ្ឆាស្រស់១៤១,៦៨៣។

ក្នុងចំណោមប្រតិបត្តិការខាងលើនេះ មានករណីជួញដូរ ៣,៥៧២ករណី ឃាត់ខ្លួនមនុស្ស៦,៤៩៤នាក់, ករណីសំយោគ-កែច្នៃ ២ករណី ឃាត់ខ្លួនមនុស្ស២នាក់, ករណីដាំដុះ៣០ករណី ឃាត់ខ្លួនមនុស្ស៤នាក់, ករណីប្រើប្រាស់២,០៣៧ករណី ឃាត់ខ្លូនមនុស្ស ៤,៧៧៣នាក់។ ដោយឡែកអនុវត្តតាមដីកាបាន១៧១ដីកា ឃាត់ខ្លួនមនុស្ស១៦៧នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close