រថយន្ត HIGHLANDER បុកជាមួយរថយន្ត RANGE ROVER បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាង រថយន្ដ Highlander បើកបរដោយ​នារីមួយក្រុម​ ទៅបុកជាមួយរថយន្ដ Range Rover ស៊េរីទំនើប បណ្ដាលឲ្យក្រឡាប់៣ជុំ ចំណែកឯរថយន្ត Highlander រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០រំលងអធ្រា្រត ឈានចូលថ្ងៃព្រហស្បតិ៏ ទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុប ណាន ជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY- 3663 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានឆ្លងស្តុប មិនបន្ថយល្បឿន និងខ្វះការប្រុងប្រយ័ត្ន​ ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-6117 បើកបរដោយនារីមួយក្រុមមានគ្នា៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើត មកលិច ក្នុងល្បឿន លឿនដូចគ្នា ហើយក៏បុករថយន្តម៉ាក Range Rover ពីចំហៀងខាងក្រោយពេញទំហឹង លាន់លឺ​ដូចរន្ទះ បណ្ដាលឲ្យរថយន្ត Range Rover ក្រឡាប់៣ត្រឡប់ ផ្ងារជើង​ រងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តរកកន្លែងចេញមកមិនរួច ត្រូវបានប្រជាពលរដ្ឋ​ជួយវាយបំបែកកញ្ចក់មុខ​ គាស់អោយ​ចេញមកក្រៅ​ រួចឡើងរថយន្តមួយគ្រឿងទៀត​ បើកចេញពីកន្លែងកើតហេតុបាត់ទៅ ។ រីឯរថយន្ត Highlander វិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ និងផ្ទុះពោងសុវត្ថិភាពទាំង២ ហើយថែមទាំងហូរហៀរ​ប្រេង​ពេញផ្លូវផងដែរ​ ក្រោយពីឃើញ​អ្នកបើករថយន្ត Range Rover​ ឡើងរថយន្តទៅបាត់ នារីទាំង៣នាក់នោះ​ ក៏បាននាំគ្នា​ប្រមូល​ សម្ភារៈ​មានតម្លៃ​ទុកហើយ​ក៏ចេញពីកន្លែងកើតហេតុបាត់ទៅ នេះពិតជាសំណាងហើយ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿងនោះ ទៅរក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នានៅ ពេល ក្រោយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close