កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​ប្រជាការពារសង្កាត់ឬស្សីកែវ​ ​រងរបួសត្រូវគ្រាប់ជើងស្តាំ​ធ្ងន់ធ្ងរ​ក្នុងពេលបំពេញភារកិច្ច

(ភ្នំពេញ)​ ៖​ ដោយក្តីអាណិតអាសូរ​ នៅថ្ងៃសុក្រ ទី​ ១២​ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​

មន្ត្រីក្រោមឱវាទ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក​ លី​ រតនៈ​ អាយុ​ ៣៩ឆ្នាំ​ ប្រជាការពារសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​​ ដែលរងរបួសជើងខាងស្តាំធ្ងន់ធ្ងរដោយត្រូវគ្រាប់កាំភ្លើង​ ខណៈពេលកំពុងបង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ​ កាលពីម៉ោង​ ១២ម៉៣០នាទី​ រំលងអធ្រាត​ ឈានចូលថ្ងៃទី​ ១២​ ខែតុលា​ នេះ ហើយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះ​ លោក​ លី​ រតនៈ​ ដែលបានជួបគ្រោះថ្នាក់នេះ​ និងជូនពរឆាប់បានជាសះស្បើយ​ពីរបួស​ ឆាប់ត្រឡប់ទៅជួបជុំគ្រួសារ​ និងបំពេញការងារដើម្បីប្រជាពលរដ្ឋវិញ។

លោក​ លី​ រតនៈ​ និងភរិយា មានក្តីរំភើបនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ជួយសម្រាលការលំបាក ជាពិសេស​ លើកទឹកចិត្ត​ និងផ្តល់ភាពកក់ក្ដៅដល់ប្រជាជន​រងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយដែលបានប្រគល់ជូនរួមមាន ៖ គ្រឿងបរិភោគ​ សម្ភារប្រើប្រាស់ និងថវិកា​មួយចំនួន។​ ដោយឡែក​ អ្នកជំងឺ​ ម្នាក់​ ដែលកំពុងសម្រាកព្យាបាលក្បែរនោះ​ ក៏ទទួលបានថវិកាមួយចំនួនដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close