សម្តេច ហ៊ុន សែន ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» និង​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨

​នៅ​រាត្រី​ម៉ោង​១២:២០​នាទី​យប់ ថ្ងៃ​ពុធ ទី​១៧ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ល្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និសីទ​សហប្រជាជាតិ ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់ ២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ ជាដើម​។ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង «​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម​៖ ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​អំពី​ការ​ប្រឈម​សកល​» សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ​៖ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​»​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក និង​ប្រទេស​ស្វី​ស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​មេដឹកនាំ​សំខាន់ៗ​ជាច្រើនរូប និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។ ក្នុងនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក និង​ប្រទេស​ស្វី​ស ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close