អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​ទេវតា​ចំនួន​៦ និង​អសុរា​ចំនួន​៧ នៅ​ខ្លោងទ្វារ​តា​កាវ

ខេត្ត​ព្រះសីហនុ​៖ ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តា​កាវ ឬ​ខ្លោងទ្វារ​ខាងលិច នៃ​ក្រុង​អង្គរធំ គ្រោង​នឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​ទេវតា និង​ព្រះ​កេស​អសុរា​ក្នុង​រយៈពេល​មួយខែ​ទៀត​។

​កញ្ញា ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តា​កាវ​និយាយថា ក្រុមការងារ​កំពុង​បង្ហើយ​ការងារ​ជួសជុល និង​ដំឡើង​ព្រះ​កេស​ទេវតា និង​អសុរា ការងារ​បំពេញ​ថ្មភក់​ថ្មី ការងារ​ដាប់​ក្បាច់ និង​ការងារ​ដំឡើង​តួ​មេទ័ព​ទេវតា មុននឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​នៃ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ​។

​សូមជម្រាបថា ព្រះ​កេស​ទេវតា​និង​ព្រះ​កេស​អសុរា​ចំនួន​១៣​ត្រូវបាន​រកឃើញ​ក្នុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដែល​ក្នុងនោះ​ប្រទះឃើញ​ព្រះ​កេស​ទេវតា​ចំនួន​៦ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៤ និង​ពាក់កណ្ដាល​ចំនួន​២) និង​ព្រះ​កេស​អសុរា​ចំនួន​៧ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៦ និង​ពាក់កណ្ដាល​ចំនួន​១)​។​ ​គម្រោង​ជួសជុល​ខ្លោងទ្វា​តា​កាវ ជា​គម្រោង​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close