សេដ្ឋកិច្ច

ធនាគារជាតិ​ពន្យល់​អំពី​គោលនយោបាយ​ប្រើប្រាស់​ប្រាក់​យ័ន​នៅ​កម្ពុជា​

បន្ទាប់ពី​មានការ​យល់ច្រឡំ​ដែលថា កម្ពុជា​គ្រោង​នឹងធ្វើ​ចរាចរណ៍​ប្រាក់​យ៉​ន់​នោះ កាលពីពេល​ថ្មីៗ​នេះ មន្ដ្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានធ្វើ​ការពន្យល់ និង​បង្ហាញ​អំពី​គោលនយោបាយ​ប្រើប្រាស់​ប្រាក់ យ័ន នៅ​កម្ពុជា ដោយ​ថា ក្នុង​គោលដៅ​ដើម្បី​ទូទាត់​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន ប៉ុណ្ណោះ ប៉ុន្ដែ​មិនមែនជា​ការជំរុញឱ្យ​យកប្រាក់​យ័ន​ចិន មក​ធ្វើចរាចរ​ក្នុងប្រទេស​កម្ពុជា​នោះឡើយ​។

​លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់ថា ធនាគារជាតិ​មិន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​ប្រទេស​ដទៃ សូម្បីតែ ប្រាក់​ដុល្លារ ក្នុងប្រទេស​កម្ពុជា​ឡើយ គឺ​ធនាគារជាតិ បាននិងកំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ឡើង​។​

​លោកជំទាវ​បាន​បន្ដថា ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​យ័ន​របស់​ធនាគារជាតិ គឺជា​ការជំរុញ​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម ហើយ​សាធារណជន​សូមកុំ​យល់ច្រឡំ​ថា វា​ជាការ​ដាក់ឱ្យ​ចរាចរ​លុយ​យ័ន សម្រាប់​ចាយវាយ​នៅ​កម្ពុជា ដូច​ចរាចរ​លុយ​ដុល្លារ ដែល​នេះ​មិនមែនជា​ទិសដៅ​របស់​ធនាគារជាតិ​ឡើយ​។​

​លោកជំទាវ​បាន​បន្ថែមថា “​យើង​មិន​សុំឱ្យ​ប្រជាជន​ចិន ឬ​វិនិយោគិន​ប្រើ​លុយ​យ័ន​នៅ​កម្ពុជា​ទេ ប៉ុន្ដែ​អ្វីដែល​យើង​ចង់បាន​គឺ​ឱ្យ​ពួកគេ​ប្រើ​យន់​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន​”​។​

​លោកជំទាវ​បានចាត់ទុក​ថា ការប្រើប្រាស់​លុយ​យ័ន​ចិន​ក្នុង​ប្រព័ន្ធ​ធនាគារ សម្រាប់​ទូទាត់ ពាណិជ្ជ​កម្មនេះ ក៏បាន​ជួយ​ជំរុញ​ដល់​ប្រាក់រៀល​ផងដែរ ដោយ​ថា ពីមុន​ការទូទាត់​ពាណិជ្ជកម្មរ​វាង​កម្ពុជា​-​ចិន ត្រូវ​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​ធ្វើឱ្យ​ពាណិជ្ជករ អាជីវករ ប្រឈម​ហានិភ័យ នៃ​អត្រា​ការប្រាក់​។​

​បើ​យោង​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​គិត​ជា​ទឹកប្រាក់​ចំនួន ៥.២​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចេញទៅ ប្រទេស​ចិន​ចំនួន ៧៥៣​លាន​ដុល្លារ​។ ចំណែក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ការទូទាត់​មានតម្លៃ ប្រមាណ​១៣៥​លាន​ដុល្លារ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​កម្ពុជា ខណៈដែល​ក្រុមហ៊ុន ចិន​បាន​បង់ប្រាក់​យ៉ាងហោចណាស់​៧០​លាន​ដុល្លារ​ជា​ប្រាក់​យ័ន​ដល់​ក្រុមហ៊ុន​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close