ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​សម្រេច​ ​កំណត់​យក​តំបន់​ស្នូល​ស្ទឹងសែន​ ​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹងទន្លេសាប​ ​និង​តំបន់ដីសើម​ជុំវិញ​ ​ជា​តំបន់​រ៉ាម​សារ​ស្ទឹងសែន​

រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពី​ថ្ងៃទី២​ ​វិច្ឆិកា​ ​កន្លងទៅ​នេះ​ ​បាន​ចេញ​អនុក្រឹត្យ​មួយ​ ​ដោយ​សម្រេច​កំណត់​តំបន់​ស្នូល​ស្ទឺង​សែន​ ​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹងទន្លេសាប​ ​និង​តំបន់ដីសើម​ជុំវិញ​ ​ជា​តំបន់​រ៉ាម​សារ​ស្ទឹងសែន​ ​ក្នុង​ផ្ទៃក្រឡា​សរុប​ ​៩ពាន់២៩៣ហិ​ក​តា​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ឃុំ​ផា​ត់ស​ណ្តាយ​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្តកំពង់ធំ​។​

យោង​តាម​មាត្រា២​ ​នៃ​អនុក្រឹត្យ​នោះ​បាន​បញ្ជាក់​ថា​ ​ការសម្រេច​កំណត់​តំបន់​ស្នូល​ស្ទឺង​សែន​ ​និង​តំបន់ដីសើម​ជុំវិញ​ ​ជា​តំបន់​រ៉ាម​សា​រស្ទឺង​សែន​ ​គឺ​ក្នុង​បំណង​គាំទ្រ​ការ​អភិរក្ស​ ​និង​ការ​ការពារ​នៃ​តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ ​ស្របតាម​អនុសញ្ញា​រ៉ាម​សារ​,​ ​ធានា​ការ​ថែរក្សា​ ​និង​ការពារ​សោភ័ណភាព​ធម្មជាតិ​ ​វប្បធម៌​ ​ប្រព័ន្ធ​អេកូឡូស៊ី​ ​និង​ជីវៈ​ចម្រុះ​,​ ​ផ្តល់​ផលិតផល​ ​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើ​ប្រាស់​ប្រកបដោយ​និរន្ត​ភាព​,​ ​រក្សា​លំនឹង​បរិស្ថាន​ ​ការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​,​ ​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ​ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការគ្រប់គ្រង​ ​ការ​ការពារ​ ​និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​។​

​ឯកឧត្តម​ ​សាយ​ ​សំ​អាល់​ ​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ាម​សារ​ ​មិន​ត្រឹមតែ​បង្ហាញ​ពីសា​រៈសំ​ខាន់​ជា​អន្តរជាតិ​របស់​តំបន់ដីសើម​នេះ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​អភិរក្ស​ ​និង​ដាក់បញ្ចូល​តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ជា​តំបន់​រ៉ាម​សារ​បន្ថែម​ទៀត​នា​ពេល​អ​នា​គត់​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​បរិស្ថាន​បាន​ឲ្យដឹង​ថា​ ​តំបន់​រ៉ាម​សារ​ស្ទឹងសែន​ ​ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​ ​នៃ​បឹងទន្លេសាប​ ​ជា​ប្រភេទ​តំបន់ដីសើម​ទឹកសាប​ ​សម្បូរ​ដោយ​ព្រៃលិចទឹក​ ​មាន​អាយុកាល​ជា​យូរ​ ​និង​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ជីវៈ​ចម្រុះ​គ្រប់​ប្រភេទ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ព្រៃ​គុម្ពោត​ ​និង​វាលស្មៅ​ក្នុង​តំបន់​រ៉ាម​សារ​ស្ទឹងសែន​ ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ដល់​ពពួកសត្វ​ស្លាប​ទឹក​ ​ថនិកសត្វ​ ​និង​មច្ឆជាតិ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​ផង​។​

​តំបន់​រ៉ាម​សាម​នេះ​ ​ក៏​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ទឹកជំនន់​នៅ​រដូវវស្សា​ ​រក្សា​វដ្ត​ទឹក​ ​រក្សា​លំនឹង​ទឹក​ក្រោម​ដី​ ​បន្សុទ្ធ​ទឹក​តាមរយៈ​រុក្ខជាតិ​ក្នុងទឹក​ ​និង​ព្រៃលិចទឹក​ ​និង​ជា​ប្រភព​ទឹក​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ ​និង​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ ​និង​ជុំវិញ​តំបន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close