អន្តរជាតិ

រុស្ស៊ី ស្នើរអង្គការសហប្រជាជាតិ ពិភាក្សា​ប្រជុំជាសម្ងាត់ លើបញ្ហាទណ្ឌកម្មកូរ៉េខាងជើង

សារព័ត៌មាន​ TASS ​បានដកស្រងសម្តី អ្នកនាំពាក្យ គណប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក​ Fyodor Strzhizhovsky ​បានប្រកាសថា ទីក្រុងមូស្កូបានស្នើរ អង្គការសហប្រជាជាតិ ជួបប្រជុំជាសម្ងាត់ដើម្បី ពិភាក្សទៅលើ ទណ្ឌកម្មកូរ៉េខាងជើង នៅថ្ងៃទី ៨ខែវិច្ឆិកានេះ។


លោកFyodor Strzhizhovsky បានបញ្ចាក់ថា​«រុស្ស៊ីបានស្នើរឲ្យពិភាក្សា លើប្រធានបទទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងនាពេលកន្លងមក ហើយកិច្ចពិភាក្សនិងត្រូវធ្វើឡើងជាសម្ងាត់ »។
សកម្មភាពខាងលើរបស់រុស្ស៊ី កើតឡើង ក្រោយពេលចិន និងរុស្ស៊ី បាន បង្ហាញការគាំទ្រ ជម្រុញឲ្យអង្គការសហប្រជាជាតិ​ លុបទណ្ឌកម្ម ដល់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះមានឆន្ទះនៅក្នុងការបោះបង់អាវុធបរមាណូ ។
កាលពីខែធ្នូឆ្នាំ ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័ត ដាក់ទណ្ឌកម្មយ៉ាងតឹងតែងដល់កូរ៉េខាងជើង ក្រោយការសាកល្បង កាំជ្រួចមីស៊ីលនឹងបរមាណូ ។ ប៉ុន្តែក្រោយជំនួបជាមួយ​ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ប្រធានាធិបតីកូរ៉េខាងជើង ​៣លើក កន្លងមក ក៏ដូចជាការបន្ទន់ឥរិយាបទ បញ្ឈប់សកម្មភាពបរមាណូ ប្រទេសចិននិងរុស្ស៊ី បានជម្រុញឲ្យបន្ធូបន្ថយទណ្ឌកម្ម ដែលជាការបើកផ្លូវ នឹងផ្តល់ទំនុកចិត្តដល់ទីក្រុងព្យុងយ៉ាងនៅក្នុងការ រំសាយអាវុធ ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឲ្យដឹងថា មេដឹកនាំ គីម ជុងអ៊ុន អាចនឹងមកទស្សនកិច្ចទីក្រុងម៉ូស្គូ នៅឆ្នាំក្រោយនេះ។ ជំនួយការម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Yury Ushakov បានឱ្យដឹងថាមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាអាចនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នៅឆ្នាំក្រោយនេះ។
លោក Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា៖«ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ»។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Ushakov មិនបានទទួលស្គាល់សេចក្ដីរាយការណ៍ថា លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចនៅទីក្រុងម៉ូស្គូ នៅក្នុងខែវិច្ឆិកានេះឡើយ។ កាលពីថ្ងៃចន្ទកន្លងទៅ មន្ត្រីទូតជាន់ខ្ពស់ កូរ៉េខាងត្បូងប្រចាំទីក្រុងម៉ូស្គូ លោក Woo Yoon-keun បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម អាចនឹងបំពេញ ដំណើរទស្សនកិច្ចមកកាន់រុស្ស៊ី នៅចុងខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា នៅអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រគល់លិខិតមួយឱ្យលោក គីម ជុងអ៊ុន ហើយដែលលិខិតនេះ ត្រូវបានគេជឿជាក់ថាជាការអញ្ជើញលោក គីម បំពេញទស្សនកិច្ចមកកាន់រុស្ស៊ី។ តែរហូតមកទល់ពេលនេះ កូរ៉េខាងជើងមិនទាន់ឆ្លើយតបអ្វីនៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close