រ័ត្ន រចនាបានការគាំទ្របទ« ម៉េម៉ាយសប្បាយចិត្ត » យីអ៊ុនឡើងខ្លាំង

ភ្នំពេញ៖ ច្រៀងបទ”មេម៉ាយសប្បាយចិត្ត”ដែលជាសំនៀងដើមរបស់អ្នកស្រីប៉ែន រ៉ន នោះបានធ្វើឲ្យតារាចម្រៀង រ័ត្ន រចនា បានផ្លាស់ប្តូរជីវិតថ្មីដោយមានការទទួលស្វាគមន៍ច្រើនពីកម្មវិធីនានា។

ថ្មីៗនេះនាងក៏បានថតបទចម្រៀងមួយនេះជាមួយនឹងទិដ្ឋភាព និងទឹកដមសំនៀងកាន់តែពិរោះរណ្តំ។ ផ្តើមចេញពីការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កនា​ការប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀង បានទាក់ទាញចិត្តអ្នកស្តាប់ខ្លាំង និងបាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង​ រ័ត្ន រចនា ដែលធ្លាប់តែច្រៀងក្នុងកម្មវិធីជប់លៀងតូចតាច និងតាមហាងផឹកស៊ីនោះឲ្យក្លាយជាអ្នកចម្រៀងអាជីពមានមុខមាត់ក្នុងសង្គមសិល្បៈ។

តារាចម្រៀងស្រីវ័យ៣០រូបនេះលើកឡើងថា នាងមិនដែលគិតថាខ្លួននាងទទួលបានការគាំទ្រ និងស្គាល់ច្រើនដូចពេលនេះពីមុនមកទេ។ នាងបញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍នានាចាប់ផ្តើមអញ្ជើញនាងឡើងច្រៀង ហើយកម្មវិធីតន្ត្រីតូចធំជាច្រើនក៏ស្វាគមន៍នាងមិនដាច់នោះឡើយ ដែលពេលខ្លះនាងបានបដិសេធមិនទទួលការងារដែលជាន់គ្នា។

នាងក៏មិនអន់ចិត្តដែលដែលច្រៀងជិត២០ឆ្នាំមកហើយពោលគឺតាំងពីកុមារ ហើយមិនមានអ្នកស្គាល់ច្រើនទើបតែពេលនេះ។ នាងថាប្រាក់ចំណូលពីការច្រៀងបច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យនាងពេញចិត្តខ្លាំងបើទោះបីជាមិនក្រាស់ក្រែលប៉ុន្តែបើធៀបនឹងពេលមិនទាន់ល្បីនោះគឺខុសគ្នាគួរសម។

នាងរំពឹងថាការងារសិល្បវៈរបស់នាងនឹងកាន់តែប្រសើរ រួមជាមួយគម្រោងបញ្ចេញស្នាដៃច្រៀងបទចម្រៀងថ្មីៗផងដែរ។ បទចម្រៀងរបស់នាងក្រៅពីល្បីលើបណ្តាញសង្គមហ្វេសប៊ុក និងYoutube នោះក៏ត្រូវបានអ្នកលេង បណ្តាញសង្គម Tik Tokយកមកត្រាប់តាមជាហូរហែ។ ចុងក្រោយថ្មីៗនេះនាងបានបង្ហើសំនៀងពីបន្ទប់ផ្សាយ ជាមួយនឹងរូបវីដេអូថ្មីត្រជាក់ភ្នែក និងកាន់តែធ្វើឲ្យសំនៀងរបស់នាងពិរោះប្លែកថែមឡើង។ តារាស្រី រូបនេះ ធ្លាប់ថ្លែងថា នេះជាគ្រាដំបូងហើយ ដែលនាងបានសាងប្រជាប្រិយភាពល្បីល្បាញ និងជាការបំពេញបំណងដល់ឪពុកម្ដាយរបស់នាងបានសម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close