ក្រុម​កម្ពុជា ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ទី​ម័​រ​ខាងកើត​ មុនពេល​ប្រកួត​ជម្រុះ AFC ASIAN CUP

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​ត្រូវបាន​ប្រមូលផ្តុំ​ហ្វឹកហាត់​រយៈពេល​៣​ថ្ងៃ​ហើយ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ វេលា​ម៉ោង ១៩:00 នា​ថ្ងៃទី​០២ ខែមិថុនា មុនពេល​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup) នៅ​ប្រទេស​ឥណ្ឌា នា​ខែមិថុនា ២០២២​។​

​ការប្រមូលផ្តុំ​ហ្វឹកហាត់​នេះ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda​។ ការប្រកួត​ជម្រុះ​ជុំ​ទី​៣ ពូ​ល D នៃ AFC Asian Cup នៅ​ប្រទេស​ឥណ្ឌា​នេះ រួមមាន ម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្ពុជា ដោយ​ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ ឥណ្ឌា នា​ថ្ងៃទី​៨​ខែមិថុនា​, ប៉ះ​ជាមួយ​ក្រុម​ហុងកុង នា​ថ្ងៃទី​១១​មិថុនា និង​ប៉ះ​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី​១៤​មិថុនា ឆ្នាំ​២០២២​។​

​នេះ​ជាការ​ប្រកួត​វគ្គ​ចែក​ពូ​ល (​ជុំ​ទី​៣) ដែលមាន​៦​ពូ​ល ក្នុង​១​ពូ​លៗ​មាន​៤​ក្រុម​ស្មើៗ​គ្នា សរុប​២៤​ក្រុម​។ ការប្រកួត​ជម្រុះ​នេះ គឺ​ដើម្បី​ស្វែងរក​ក្រុម​ជ័យលាភី ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ពូ​ល​ទាំ​៦ (៦​ក្រុម​) និង​ក្រុម​លេខ​២​ល្អផ្តាច់គេ ចំនួន​៥​ក្រុម សរុប​១៣​ក្រុម ឡើងទៅ​ប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ នា​ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន​ជាមួយ​បេក្ខភាព​ខ្លាំងៗ​ចំនួន​១៣​ក្រុម​ផ្សេងទៀត ប្រចាំ​ទ្វីបអាស៊ី ដែល​កំពុង​រង់ចាំ​ស្រាប់ (​គិត​លើ​លទ្ធផល​ប្រកួត​ជម្រុះ FIFA WORLD CUP 2022 កន្លងមក​)​។​

​ចំពោះ​បេក្ខភាព​ក្រុម​ខ្លាំងៗ​ចំនួន​១៣​ក្រុម កំពុង​រង់ចាំ​នៅ​ជុំ​ទី​៤ ដែលជា​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​ចិន​នោះ រួមមាន​៖ ម្ចាស់ផ្ទះ​ចិន​, កូរ៉េខាងត្បូង​, ជប៉ុន​, អូស្ត្រាលី​, អារ៉ាប់​រួម​, អ៊ីរ៉ាក់​, អ៊ីរ៉ង់​, លី​បង់​, ស៊ី​រី​, អូ​ម៉​ង់​, អា​រ៉ា​ប៊ី​សា​អូឌីត​, កាតា និង​វៀតណាម​។​

​គួររំឭកថា ក្រុម​ជម្រើសជាតិ​កម្ពុជា ដែលជា​បេក្ខភាព​ប្រកួត​នៅក្នុង​ពូ​ល D ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និង​អាហ្គានីស្ថាន​នេះ គឺ​ក្រោយ​ពេលដែល​ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​កោះ​ហ្គាំ ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣​ទល់​១ ក្នុង​វគ្គ​ជម្រុះ​បឋម (Play-Off) កាលពី​ខែតុលា ឆ្នាំ​២០២១ នៅ​ទឹកដី​កណ្តាល ប្រទេស​បា​រ៉ែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close