បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត

នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត ដែលជាវិស័យមួយក្នុងចំណោមវិស័យ ៣សំខាន់ គឺឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលបាននិងកំពុងដំណើរការវិនិយោគ និងអភិវឌ្ឍទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយដែលក្រុមហ៊ុនមានបំណងនាំយកនិងផ្ទេរបច្ចេកវិទ្យាទាំងអស់នេះទៅដល់ដៃប្រជាកសិករកម្ពុជាតាមរយ:ការវិនិយោគលើខ្សែចង្វាក់ផលិតកម្មស្រូវ និងមាន់ដោយចាប់ផ្តើមពីការដាំដុះ រហូលដល់ផលិតផលសម្រេច ពីA ដល់Z។

លោកនាយកក្រុមហ៊ុនបានជម្រាបជូនថា រោងចក្រផលិតកម្មស្រូវរបស់គាត់សាងសង់លើផ្ទៃដីជាង ១០ហត ហើយ ស្ថិតនៅជិតដងទន្លេ ។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងជួយរួមចំណែកដល់ការដឹកជញ្ជូនផលស្រូវសើមរបស់សហគមន៍កសិកម្ម ក្រោយការប្រមូលផលមកកាន់ឃ្លាំងសម្ងួតបានទាន់ពេលវេលា និងក្នុងតម្លៃថោក រដ្ឋាភិបាលចិនបានជួយជីកព្រែកសប្បនិមិត្តមួយពីដៃទន្លេតភ្ជាប់នឹងរោងចក្រ ។ លើសពីនេះទៅទៀត ដោយមានការឧបត្ថម្ភទុនពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំប្រមាណ មួយលានប្រាំសែនដុល្លារ ក្នុងការជួយធានាតម្លៃកសិផល និងពង្រីកមធ្យោបាយផលិតកម្ម រោងម៉ាស៊ីនស្រូវនេះគឺមានលទ្ធភាពកិនស្រូវបានប្រមាណជា ១៦០០តោនក្នុង ១ថ្ងៃ ស្តុកស្រូវបាន ៣៩ម៉ឺនតោន និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង ២០ម៉ឺនតោនក្នុង១ឆ្នាំផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពធ្វើកិច្ចសន្យាជាមួយសហគមន៍កសិកម្មមួយឆ្នាំៗលើផ្ទៃដីដាំដំណាំស្រូវប្រមាណជា ២ម៉ឺនហត ។

ដោយឡែក សម្រាប់កសិដ្ឋានចិញ្ចឹមមាន់សាច់ រោងចក្រកែច្នៃស៊ុតមាន់ និងចំណីមាន់ដែលបំពាក់ដោយឧបករណ៍ និងបច្ចេកទេសស្វ័យប្រវត្តិក្នុងការផលិត និងកែច្នៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះខ្សែចង្វាក់ផលិតកម្មដែលបានប្រើប្រាស់បច្ចេកទេសទំនើបធានាបាននូវស្តង់ដារ គុណភាព និងសុវត្ថិភាពតាមតម្រូវចិត្តនិងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយកសិករ ដែលខ្សែចង្វាក់ផលិតកម្មនេះ គឺពិតជាឆ្លើយតបតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បាន និងចង់ឃើញវិស័យឯកជននៅកម្ពុជាយកទៅអនុវត្ត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close