ខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ​ព្រឹត្តិការណ៍​ដើរ​៤០​គីឡូម៉ែត្រ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ​ន៍​២​ធ្នូ គម្រប់​ខួប​៤០​ឆ្នាំ (១៩៧៨-២០១៨)

(​ត្បូងឃ្មុំ​)៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា នៅ​ទី​២៩ ខែវិច្ឆិកា ខាងមុខនេះ ខេត្ត​ត្បូងឃ្មុំ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ដើរ​៤០​គីឡូម៉ែត្រ ចាប់ពី​ឃុំ​ទ​ន្លូ​ង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឆ្ពោះទៅកាន់​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ​ន៍​២​ធ្នូ គម្រប់​ខួប​៤០​ឆ្នាំ (១៩៧៨-២០១៨)​។​

​នេះ​ជាការ​បញ្ជាក់​របស់លោក ជាម ច័ន្ទ​សោភ័ណ នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ឱកាសលោក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នៅតាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ អភិបាលក្រុង​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត ស​.​ស​.​យ​.​ក និង​មន្ត្រី​សាលាខេត្ត​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​នៅក្នុង​ឱកាស​នេះដែរ​អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើបត្រូវ​បានតែងតាំង ក៏បាន​ស្នើឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្តាប់​ឱ្យបាន​នូវ​សភាពការណ៍ ពង្រឹង​សន្តិសុខ​ធានា​សុវត្ថិភាព ដល់​អ្នកចូលរួម​ទាំង​អស់ ក្នុង​ដំណើរ​ប្រវែង​៤០​គីឡូម៉ែត្រ ទៅកាន់​ទី​ប្រវត្តិសាស្ត្រ ដើម្បី​អបអរ​ពិធី​ខួប​អនុស្សាវរីយ​២​ធ្នូ ដោយមាន​រៀបចំ​ក្រុមគ្រូពេទ្យ ថ្នាំពេទ្យ ក៏ដូចជា ឡានពេទ្យ សម្រាប់​សង្គ្រោះ​ករណី​បន្ទាន់​ណាមួយ​ផងដែរ​។​

​លោក​អភិបាលខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួមជាមួយ​លោក​អភិបាលក្រុង​ស្រុក មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​ដំណើរការ​ទៅដោយ​រលូន តាម​ការគ្រោងទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close