មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ បើករថយន្ត​ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ត្រូវ​គយ​ចល័ត​ដេញចាប់​តែ​លោក​ផ្កាយ​បី ប៉ុល ស៊ីនួន ចេញមុខ​អន្តរាគមន៍​ថា “​មាន​ឯកសារ និង​គ្នាឯង​ទេ​”!

​ខេត្តបាត់ដំបង​ ៖ មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់ បើករថយន្ត​ទំនើប​ចង្កូត​ស្តាំ ត្រូវ​ក្រុមមន្ត្រី​គយ​ក្រសួង និង​កម្លាំង​កង រាជ​អាវុធហត្ថ ប្រចាំ​ចំណុច​មុខ​រោង​ម៉ា​សុ​ី​ន​ហុង​ឡុង​ស្ថិតនៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដេញតាម​ចាប់​រហូតដល់​កណ្តាល​ក្រុង​បាត់ដំបង លើ​ដងផ្លូវ​លេខ​១ ទើប​ស្ទាក់​ចាប់បាន តៃកុង​ព្រម​ចុះ​ពី​រថយន្ត​ឱ្យ​គយ​អនុវត្តតាម​នីតិវិធី​។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ស៊ីនួន មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ចេញមុខ​មកដល់​កន្លែង​គយ​ចល័ត​ក្រសួង​ប្រចាំ​នោះមក​អន្តរាគមន៍​ភ្លាមៗ​។​

​ហេតុការណ៍​ដេញចាប់​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​នេះ​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​លេច​១​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយ​បោ ក្រុង​និង​ខេត្តបាត់ដំបង​។​

​តាម​ប្រភពព័ត៌មាន​ជាក់ស្តែង​នៅនឹងកន្លែង​កើតហេតុ បានឱ្យដឹងថា រថយន្ត​ស៊េរី​ថ្មី​ដែល​គយ​ចាប់បាន​ម៉ាក ម៉ា​ស្តា​មួយគ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បើកបរ​តាមផ្លូវ​ជាតិ​លេខ​៥​ត្រូវបាន​សមត្ថកិច្ច​គ​យ និង​កម្លាំង​អាវុធហត្ថ សមត្ថកិច្ច​ប្រើ​មធ្យោបាយ​រថយន្ត​ពី​បើក​ដេញ​តាំងពី​ឃុំ​អូរ​តា​គី​រហូតដល់​ផ្លូវ​លេខ​១ ទើប​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ខាងលើ​។ ហើយ​រថយន្ត​ដែល​គយ​តាម​ចាប់​ជា​រថយន្ត​ម៉ាក​ម៉ា​ស្តា​ពណ៌​ប្រផេះ​ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ០២.១០៩៨ បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ រ័ត្ន ដែលជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ ឈរជើង​ប្រចាំ​មាត់ច្រក​ទ្វារ ម៉ាឡៃ ទឹកដី​ខេត្តបន្ទាយមានជ័យ​។​

​ក្រោយ​ស្ទាក់​ឃាត់​រថយន្ត​យ៉ាង​ប្រផាប់ ប្រ​ភីង​បង្ក​ការភ្ញាក់ផ្អើល​រយៈពេល​ប្រហែល​ជាង​១​ម៉ោង​គេ​ឃើញ​មាន​វត្តមាន​របស់​ឯក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ស៊ីនួន មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ចេញ​មុខមក អន្តរាគមន៍​ធា​នាយក​រថយន្ត​ទៅធ្វើ​ការដោះស្រាយ ដោយ​អះអាងថា​មាន​ឯកសារ​និង​ជា​គ្នាឯង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close