ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ កម្ពុជា ,​ថៃ , ឡាវ ,​វៀតណាម​ត្រូវបាន​ចាប់ផ្តើម​ជា​ផ្លូវការ

​នៅ​ពហុ​កីឡដ្ឋាន​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ មាន​បើក​ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ កម្ពុជា ,​ថៃ , ឡាវ ,​វៀតណាម ក្រោម​វត្តមាន​របស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម តុ​ប សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ទេសចរ​ណ៏ ដឹកនាំ​ក្រុម​កីឡាករ​វ័យ​ចំណាស់​កម្ពុជា ចូលរួម​ប្រកួត និង មាន​វត្តមាន​ក្រុម​កីឡាករ​វ័យ​ចំណាស់​ថៃ ឡាវ ចំនួន ១១០​នាក់ និង កីឡាករ​វ័យ​ចំណាស់​វៀតណាម​ចំនួន ២០​នាក់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ដើម្បី​ចូលរួម​គាំទ្រ ទស្សនា លើកទឹកចិត្ត​ដល់​ក្រុមកីឡា ក្នុងពេល​ប្រកួត​ផងដែរ ។

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​សម្បូរបែប​តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់ និង បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ ក្នុងការ​ផ្សព្វផ្សាយ​សក្តា​នុព​ល​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ ជ​រុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​វិស័យ​កីឡា​ទេសចរណ៍ និង ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជាពិសេស​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ ដំណើរ ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAME – ASEAN PARA GAME 2023 ដែល​កម្ពុជា​យើង ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ។

​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ​នេះ គឺ​ចាប់ផ្តើម​ប្រកួត ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅតាម​កម្មវិធី ដែល​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ទៅតាម​ប៉ូល​បានកំណត់ ។
​ក្នុង​ភាពជាក់ស្តែង​នៃ​ការប្រកួត​នា​រសៀល​ថ្ងៃទី​០៤ សីហា មាន​ពីរ​ប្រកួត ដោយ​ក្រុមទី​១ មាន​កីឡាករ​វ័យ ចំណាស់ រដ្ឋបាល​ខេត្តសៀមរាប ប្រកួត​ជាមួយ ក្រុម​កីឡាករ​កីឡា​ការ​នី នៃ​ព្រះរាជាណាចក្រ​ថៃ នៅពេល​បញ្ចប់​ការប្រកួត​ជា​លទ្ធផល ក្រុម​កីឡាករ រដ្ឋបាល​ខេត្តសៀមរាប បាន​យកឈ្នះ​លើ​ក្រុម​កីឡាករ​វ័យ ចំណាស់​ថៃ ៣​ទល់នឹង​សូន្យ​។ ចំពោះ​ក្រុមទី​២ មាន​កីឡាករ វ័យ​ចំណាស់​ប្រទេស​ឡាវ ប្រកួត​ជាមួយ ក្រុម​កីឡាករ​វ័យ​ចំណាស់​វៀតណាម ហើយ​នៅពេល​បញ្ចប់​ការប្រកួត​ជា​លទ្ធផល ក្រុម​កីឡាករ​វៀតណាម បាន​យកឈ្នះ​លើ ក្រុម​កីឡាករ​ទ្បា​វ ៣ ទល់នឹង​១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close