ស្ពាន​ឈើ​មួយ​កន្លែងនៅ​ក្នុងស្រុកភ្នំក្រវាញ​ត្រូវ​បាន​បំផ្លាញ ក្រោយ​រថយន្ត​ធុនធំដឹកឬស្សី​ឆ្លង​កាត់

ស្ពានឈើ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​​ភូមិ​ស្សេត្របុរី ឃុំ​សន្រ្ទែ ស្រុកភ្នំក្រវាញ បាន​បាក់​កាលពីព្រលប់​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២២ ក្រោយ​ពី​រថយន្តធុនធំ​មួយ​គ្រឿង​ដែល​ដឹកឬស្សីឆ្លង​កាត់។

រថយន្ត​ធុនធំ​ដឹកឬស្សី​ដែល​បណ្តាល​ឱ្យ​បាក់ស្ពាន​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ទម្ងន់៥តោន ពាក់ស្លាកលេខ បាត់ដំបង 3A-3291 បើបរ​ដោយ​ឈ្មោះ ចាន់ណាន រស់​នៅ​ភូមិ​ល្វាលួង ឃុំព្រែកលួង ស្រុកេកភ្នំ ខេត្តបាត់ដំបង។

បើតាម​អ្នកបើកបរ​បាន​ឱ្យ​ដឹងថា ខ្លួន​គេ​ស៊ីឈ្នួលថៅកែ​នៅ​ខេត្តបាត់ដំបងដើម្បីដឹកឬស្សី​ពីស្រុក​ភ្នំក្រវាញនេះ ហើយ​ស្ពាន​ដែលបាក់នេះ ខ្លួន​បាន​បើក​ឆ្លង​កាត់​ម្តងរួចមក​ហើយ​ប៉ុន្តែ​មិន​អី​នោះទេ ស្រាប់​តែពេល​នេះ ក៏​បាក់បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ញាជើងតែម្តង។

យ៉ាងណាក៏ដោយ ចំពោះ​ករណីនេះ សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ចុះធ្វើការ​ត្រួតពិនិត្យ​ និង​បាន​ឃាត់ទុករថយន្ត​បង្កឱ្យ​ទទួលខុសត្រូវ​សង់ស្ពាន​នោះ​ឡើងវិញ៕

ដោយ៖ ជា រ៉ានី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close