រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា​និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត នៅ​សាលប្រជុំ​សាលាខេត្ត

​នា​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​។ មានការ​ពិភាក្សា​លើកឡើង​អំពី​កិច្ចការ​មួយចំនួន​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ទាំង​ផល​វិជ្ជមាន​និង​ផលប៉ះពាល់​ខ្លះ ដែលនាំអោយ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មហាជន​មួយចំនួន​ផងដែរ ដូចជា​ការរិះគន់​ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម​។ ករណីនេះ ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ជារួម​រដ្ឋបាលខេត្ត​ចាត់ទុក​ពី​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ននេះ មាន​សារៈសំខាន់​ចាំបាច់​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គមជាតិ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​ជា​ជោគ​ជ​យ័​ក្នុងការ​អនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំពោះ​បញ្ហា​អសកម្ម​ខ្លះ ដូចជា​ករណី​ប៉ះពាល់​ទៅលើ​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​បរិស្ថាន​ជាដើម ឯកឧត្តម​អភិបាលខេត្ត​បាន​ណែ​នាំអោយ​មន្ត្រី​មាន​សមត្ថកិច្ច​និង​អង្គភាព​ពាក់​ព​ន្ធ័ បង្កើន​កម្ម​ភាព​ការងារ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ស្នើសុំ​។​ចំពោះ​បញ្ហា​ខ្លះទៀត​ដែល​ពាក់​ព​ន្ធ័​នឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ ក្នុងនាម​រដ្ឋបាលខេត្ត​ឯកឧត្តម​យន្ត មីន​មានប្រសាសន៍ថា អជ្ញាធរ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្តន៍ ជន​ណា​ប្រព្រឹត្ត​បទល្មើស ទោះ​ជនបរទេស​ឬ​ជាតិ​សាសន៍​ណា​ក៍ដោយ ដាច់ខាត​ត្រូវតែ​ចាប់បញ្ជូន​យកទៅ​ផ្តន្ទាទោស ។

​ជាមួយគ្នានេះ រាល់​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ឯកឧត្តម​អភិបាលខេត្ត​ក៍បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ​ពា​កព​ន្ធ័​ទាំងអស់ រួមទាំង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ខិតខំ​បង្រួញ​ពេលវេលា​អោយ​កាន់តែ​ខ្លី​ដើម្បី​ផ្តល់​សេវា​តាម​ការស្នើសុំ​របស់​ពល​រដ្ឋ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close