សមត្ថកិច្ចគ្រោងបិទកំណាត់​ផ្លូវជាតិ​លេខ​៦​អា ទុក​ឲ្យ​គ​ណៈ​ប្រតិ​ភូ​ឆ្លងកាត់​ទៅចូលរួមប្រារព្ធខួប​២ធ្នូ​​

​ភ្នំពេញ​៖​កំណាត់​ផ្លូវជាតិ​លេខ​៦​អា ចាប់ពី​ចាប់ពី​ស្ពាន​ព្រែ​កតា​មាក់ (​ខាង​ផ្លូវជាតិ​លេខ​៦) កាត់​តាម​ផ្លូវជាតិ​លេខ​៨ រហូតដល់​ស្រុក​ឆ្លូង ខេត្តក្រចេះ នឹងត្រូវ​បាន​បិទ​សម្រាប់​រថយន្ត​ធុន​ធំ​ចាប់ពី​ព្រឹក​ថ្ងៃទី​០១​ធ្នូ ឆ្នាំ ២០១៨ រហូតដល់​រសៀល​ថ្ងៃ​០២​ធ្នូ ដើម្បី​ផ្ដល់​លទ្ធ​ឲ្យ​ក្បួន​រថយន្ត​គណៈប្រតិភូ​ធ្វើដំណើរ​ទៅកាន់​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ ដែលមាន​ទីតាំងនៅ​ភូមិ​២​ធ្នូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា នេះ​ថា ការផ្អាក​ការធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​សម្រាប់​កំណាត់​ផ្លូវ​ខាងលើនេះ នឹង​អនុវត្ត​ចាប់ពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​០១ ខែធ្នូ រហូតដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​សម្រួល​ចរាចរណ៍ និង​ការធ្វើដំណើរ របស់​គណៈប្រតិភូ មន្ដ្រី និង​អ្នក​ដែល​ទៅ​ចូលរួម​កម្មវិធី​អបអរសាទរ «​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​ប្រារព្ធ​ធ្វើ​នៅ វិមាន​រម្លឹក​អនុស្សាវរីយ៍ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។​

​គួរ​បញ្ជាក់ថា សម្រាប់​ថ្ងៃទី​០២​ធ្នូ ឆ្នាំ ២០១៨ នេះ គឺជា​ខួប​លើក​ទី​៤០​ហើយ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ថ្ងៃ​០២ ធ្នូ ឆ្នាំ ១៩៧៨ ។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ជាច្រើន​នាក់​ទៀត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close