ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូអញ្ជើញចូលរួមក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០​ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ

ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ខែកត្តិក ឆ្នាំច

សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។ មូលហេតុដែលនាំឲ្យមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ ដោយសារ៖

ក្នុងអំឡុងឆ្នាំ ១៩៧៥-១៩៧៨ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ពេលនោះពួកឃាតក ប៉ុល ពត បានរុញច្រានប្រទេសជាតិ ឲ្យក្រឡាប់ចាក់ធាក់ថយ ក្រោយយ៉ាង ឆ្ងាយដាច់សង្វែង ដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់។

ក្រោមផ្លាកសញ្ញាបដិវត្តន៍ដាច់ខាត ពួកគេបានចាប់ផ្តើមបោសសម្អាតសង្គមខ្មែរជាបន្តបន្ទាប់ ដោយបំបាត់ចោលទីក្រុង ចាប់បង្ខំប្រជាជនទីក្រុង ទីផ្សាររាប់លាននាក់ ឲ្យចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅរស់នៅជនបទ ព្រៃភ្នំក្រំថ្មក្នុងសភាពលំបាក វេទនា និងចាប់បង្ខំឲ្យធ្វើការជាទម្ងន់។

ខួប៤០ឆ្នាំនៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេច កម្មវិធីជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាននៃចលនារំដោះជាតិមួយនេះ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះទៀតសោត មហាអង្គមិទ្ទិញដ៏ធំមួយត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន «២ធ្នូ» ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ទីដែលក្រុមយុវជនកម្ពុជាជំនាន់មុន និងជាថ្នាក់ដឹកនាំ ឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជានាពេលបច្ចុប្បន្នបានប្រមូលផ្តុំប្រកាសបង្កើតជាចលនាមួយឡើង ដើម្បីរំដោះជាតិ និងទាញយកជីវិតប្រជាពលរដ្ឋចេញនរកអវចី។ ពិធីដ៏សែនមហោឡារឹកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ដែលជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកាលពី៤០ឆ្នាំមុននោះ ហើយក៏មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close