សម្ដេច​ ស ខេង៖​ ការធ្វើវិសោធនកម្មច្បាប់បក្សនយោបាយ ដើម្បីបើកច្រកឲ្យអតីតតំណាងរាស្ដ្រ ដែលគោរពសាលដីកាតុលាការកំពូល មានសិទ្ធិធ្វើនយោបាយឡើងវិញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអះអាងថា អតីតតំណាងរាស្ដ្រចំនួន១១៨រូប ដែលត្រូវតុលាការដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយរំលាយគណបក្សសង្គ្រោះជាតិនោះ មានចំនួនធំបានគោរពនូវសាលដីកានេះ ខណៈដែលមួយចំនួនតូចមិនគោរពនោះទេ។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ​ការធ្វើវិសោធនកម្មច្បាប់ ស្ដីពីច្បាប់គណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) គឺដើម្បីបើកច្រកឲ្យអតីតតំណាងរាស្ដ្រមួយចំនួនធំ ដែលគោរពនូវសាលដីកា អាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា ​«នៅក្នុងបំរាមនយោបាយ១១៨នាក់ មានតែមួយចំនួនប៉ុណ្ណោះ ដែលមិនគោរពតាមសាលដីកា តុលាការកំពូល ហើយភាគច្រើនគេគោរព […] ការពិតគេគោរពតើមួយចំនួនធំ យើងទទួលស្គាល់ ប៉ុន្ដែសាលក្រមតុលាការកំពូល ដាក់បំរាម១១៨នាក់ហ្នឹង គឺបិទផ្លូវតវ៉ា អត់មានទុកច្រកណាចេញបានទេ ទាល់តែ៥ឆ្នាំនោះ ចឹងដើម្បីដោះស្រាយបញ្ហានេះ មានតែធ្វើវិសោធនកម្មច្បាប់ដើម្បីបើកច្រក ហើយលូវរដ្ឋសភាបាន និងកំពុងសេចក្ដីស្នើច្បាប់ ព្រោះថាច្បាប់វាមានសេចក្ដីព្រាងច្បាប់ (ដែលព្រាងពីរាជរដ្ឋាភិបាល) និងសេចក្ដីស្នើច្បាប់ (តំណាងរាស្ដ្រ​មានសិទ្ធិ ១ភាគ១០យ៉ាងតិច) ដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកដែលបានគោរពសាលក្រមតុលាការណុង គឺមានលទ្ធភាពដកចេញនូវបំរាមហាមឃាត់ការធ្វើនយោបាយ»។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

សូមរំលឹកថា រដ្ឋសភាជាតិនៃកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយទៀត ក្នុងន័យជូនដំណឹងអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ។

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើមានគោលដៅសំខាន់ៗគឺ៖

* បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ

* បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតីសម្បទានឡើងវិញតាមច្បាប់។

វិសោធនកម្មនេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close