សមាគមកម្ពុជា-ម៉ាឡេស៊ី ចុះMOU លើកកម្ពស់សិទ្ធិ សុខុមាលភាព និងកិច្ចគាំពារដល់ពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)÷ សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា(MAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ជាមួយ សមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ(PAPA) សមាគមជាតិធនធនមនុស្សម៉ាឡេស៊ី (PUSMA) និង សមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ(PIKAP)ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការ ក្រសួងការងារ នាថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៨។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ សំដៅបង្កើតកិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងប្រាំ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករទេសន្តប្រទេសន៍កម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះទៀត អនុស្សរណៈយោគយល់គ្នានេះក៍ជាយន្តការថ្មីមួយ នៅក្នុងការធ្វើសកម្មភាពបង្កើនអត្ថប្រយោជន៍ជូនពលករទេសន្តប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ការបើកដំណើរការឡើងវិញនៃការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសរួចមក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close