ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី

នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (the 18th ASEAN Telecommunications and IT Ministers Meeting-18th TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Ubud ខេត្តបាលី សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី TELMIN លើកទី១៧ បានថ្លែងសុន្ទរកថាបើក និងបានបូកសរុបនូវសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០១៨កន្លងមក និងបានផ្ទេរជូនការដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ ជូនឯកឧត្ដម Rudiantara រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

អង្គប្រជុំបានអនុម័តនូវរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានឆ្នាំ២០១៨ ព្រមទាំងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩ និងបានអនុម័តផែនការការងារលើកិច្ចសហប្រតិបត្តិការជាមួយដៃគូ (រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ និងសហភាពទូរគមនាគមន៍អន្តរជាតិ) ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្ត បណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រនិងលើដី សេដ្ឋកិច្ចឌីជីថល សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ការកសាងសមត្ថភាព E-commmerce សម្រាប់សហគ្រាសធុនតូចនិងមធ្យម ការបណ្តុះបណ្តាលធនធានមនុស្ស និងបានបន្តនូវអនុស្សរណៈយោគយល់គ្នាជាមួយសាធារណរដ្ឋប្រជាមានិតចិន(MOU ASEAN-China) និងសហភាពទូរគមនាគមន៍អន្តរជាតិ (MOU ASEAN -ITU)។

ជាមួយគ្នានេះ ប្រតិភូកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយប្រទេសនិងស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីស្វែងរកនូវកាលានុវត្តភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងនោះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ប្រតិភូបានជួបពិភាក្សាការងារជាមួយប្រតិភូប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម និងក្រុមហ៊ុនទូរគមនាគមន៍ធំៗរបស់វៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្នើសុំឱ្យភាគីវៀតណាមធ្វើការពង្រឹងលើកិច្ចប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងគ្នាក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈការចូលរួមក្នុងសិក្ខាសាលា និងការផ្លាស់ប្តូរទស្សនកិច្ច។ ភាគីវៀតណាម បានស្វាគមន៍ និងបានជម្រាបជូនពីគម្រោងបង្កើតនូវសាកលវិទ្យាល័យ ICT អាស៊ាន និងសន្យាផ្តល់នូវអាហារូបករណ៍ដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យICT នៅសាកលវិទ្យាល័យរបស់វៀតណាម និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការគ្នាក្នុងការការពារសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា 5G នៅថ្ងៃអនាគត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close