អធិការខណ្ឌដង្កោកំពុងសម្រួលជាមួយគ្រួសារយោធា ដែលត្រូវកូនចៅអស់លោកព្យាយាមបាញ់សម្លាប់ដោយគ្មានកំហុស?

ភ្នំពេញ៖ គួរបោះបង់វប្បធម៍ដ៏អាក្រក់លើវិធានការបាញ់ដោយគ្មានហេតុផលទៅលើជនរងគ្រោះក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ខណៈប្រទេសគ្រប់គ្រងដោយច្បាប់ ហើយយកការសូមទោសមកជំនួសជីវិតមនុស្សអោយសោះ..?

ការប្រើប្រាស់អាវុធគឺជាវិធានការចុងក្រោយ ដែលអាចធ្វើរងគ្រោះដល់ពលរដ្ឋ សមត្ថកិច្ច ប៉ះពាល់អាយុជីវិតមនុស្ស តែករណីកន្លងទៅ នគរបាលខណ្ឌដង្កោអនុវត្តខុសនីតិវិធីបំពានលើជនរងគ្រោះ ស្ទើរបាត់បង់ជីវិត ទើបឈានដល់វិធានសូមទោស។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ និងសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានអះអាងថា លោក ជឹម ស៊ីថា អធិការខណ្ឌ កំពុងព្យាយាមសម្របសម្រួលបញ្ចប់រឿង ជាមួយក្រុមគ្រួសាររបស់យោធាឈ្មោះ ឯល ស៊ឹមសុភ័ក្រ ដែលរងគ្រោះដោយកូនចៅនគរបាលខណ្ឌដង្កោដេញបាញ់ឲ្យរងរបួស និងបង្កើតជារឿងថា តដៃសមត្ថកិច្ចទៅវិញនោះ។

ជនរងគ្រោះ លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រ ដែលមន្ត្រីយោធានៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សផ្ទាល់ សម្តេចតេជោ ត្រូវក្រុមនគរបាលខណ្ឌដង្កោ ដេញបាញ់ឲ្យរងរបួស និងវាយទាត់ធាក់បន្ថែមរហូតរងរបួសធ្ងន់ធ្ងរ អាចប្រឈមការពិការអស់មួយជីវិត ព្រោះតែក្រុមនគរបាលខណ្ឌដង្កោ ចោទថា ជាមុខសញ្ញាចោរ និងលក់គ្រឿងញៀន ហ៊ានបាញ់តដៃនគរបាល។

ប៉ុន្តែចុងក្រោយនេះ មានការផ្សាយបកស្រាយរបស់ជនរងគ្រោះ តាមសារព័ត៌មាន ទើបមហាជនដឹងពីការពិតថា ជនរងគ្រោះ ជនមនុស្សស្លូតត្រង់ មិនបានបាញ់តដៃនគរបាលអ្វីឡើយ គឺនគរបាលជាអ្នកជិះដេញបាញ់ជនរងគ្រោះ ដែលគេនិយមហៅកាត់ថា យុទ្ធនាការកៀបស៊ីស្របច្បាប់។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន ជាឪពុកបង្កើតជនរងគ្រោះ បានប្រាប់ សារព័ត៍មាន ថា៖ សំណុំរឿងកូនប្រុសលោកនេះ លោកបានប្រគល់ជូន នាយឧត្តម សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងអង្គរក្ស សម្តេចតេជោ ជាអ្នកដោះស្រាយ ព្រោះជនរងគ្រោះ គឺជាមន្ត្រីកងអង្គរក្សសម្តេច ស្ថិតក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្ទាល់។

លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន បានបន្ថែមថា៖ ចំពោះមុខសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីរងចាំការដោះស្រាយគ្នាសិន។

យោងតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរទេព្យកាល់ម៉ែត្រ ក្រោយពីវេជ្ជបណ្ឌិតបានជួយសង្គ្រោះជីវិត និងវះកាត់រួចរាល់នាវេលារំលងអធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលនៅក្នុងថ្ងៃនោះលោក ជឹម ស៊ីថា បានមកសួរសុខទុកជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ដើម្បីលោមសមាជិកក្រុមគ្រួសារ កុំប្តឹងពីកំហុសអាក្រក់របស់ខ្លួន។

ជនរងគ្រោះ លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រ ត្រូវវេជ្ជបណ្ឌិត រកឃើញថា បានរបួសបែកឆ្អឹងផាលត្រកៀកខាងស្តាំ ដែលប្រឈមការពិការជាអចិត្រៃយ៍ ដោយសារត្រូវនឹងគ្រាប់កាំងភ្លើងអាកា៤៧ របស់មន្ត្រីនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជារបស់លោកអធិការ ជឹម ស៊ីថា។

សូមជម្រាបជូនថា ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ ត្រង់ត្រកៀក និងធ្លាយភ្លៅខាងស្តាំ និងចាប់វាយបន្ថែម ឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចម្ដុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោក ឯល ស៊ឹមសុភ័ក្រ កំពុងសម្រាក់ព្យាបាលរបួសនៅក្នុងមន្ទីរកាល់ម៉ែត ដែលជើងខាងស្តាំរបស់លោកមិនអាចកម្រើកបានឡើយ ក្រោយពីការវះកាត់អបដែករួចមក។

លោកបានមានប្រសាសរៀបរាប់ថា នាវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោកនិងមិត្តភក្តិ២នាក់ទៀត បានទៅហូបបាយជុំគ្នា នៅក្នុងហាង១ ក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់វេលារសៀល ទើបត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ដែលនៅពេលកំពុងធ្វើដំណើរនោះ ស្រាប់តែមានមន្ត្រីនគរបាលខណ្ឌដង្កោមួយក្រុមប្រដាប់ដោយអាវុធអាការគ្រប់ដៃ បានជិះម៉ូតូមកស្ទាក់លោក ប៉ុន្តែលោកមិនឈប់ ដូច្នេះពូកគេដេញបាញ់សម្លាប់តែម្តង។

ចំពោះករណីបាញ់ប្រហារនេះ ក្រុមសាច់ញាតិបានចាត់ទុកថា ជាទង្វើអាក្រក់បំផុតរបស់នគរបាលខណ្ឌដង្កោ ហើយពួកគេចាត់ទុកថា ជាសកម្មភាពកៀបស៊ី ដោយចោទប្រកាន់ជនរងគ្រោះពីបទល្មើសផ្សេងៗ តាមតែអំពើចិត្ត។

ដោយឡែកប្រភពផ្សេងទៀត បានបង្ហើបឲ្យដឹងថា៖ ករណីបាញ់ប្រហារនេះ កើតឡើងក្រោមបញ្ជាពីមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ដែលមិនសប្បាយចិត្តចំពោះលោក ឯល ស៊ឹមសុភ័ក្រ និងមិត្តភក្តិរបស់ខ្លួន នៅពេលហូបបាយនៅក្នុងហាងដូចគ្នា ដូច្នេះក៏បញ្ជាឲ្យមន្ត្រីនគរបាលខណ្ឌដង្កោដេញបាញ់សម្លាប់ពួកគេចោល ដោយចោទប្រកាន់ថា ជាករណីជួញដូរគ្រឿងញៀន និងលួចរថយន្តរបស់អ្នកដទៃ។ ប្រសិនមានតម្រុយពិរុទ្ធភាពដូចប្រភពខាងលើ លោកអធិការនគរបាលខណ្ឌដង្កោ ប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់៕

ដោយ៖ សហការី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close