ព្រឹកថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តបាត់ដំបង

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា ពិនិត្យលើសក្តានុពលទឹកដែលមាន ខេត្តបាត់ដំបង បានរៀបចំផែនការដាំដុះស្រូវប្រាំងលើផ្ទៃដីប្រមាណ ៣៣.០០០ ហិកតា នៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត ។ ជាមួយនឹងផែនការដែលបានចុះ នាពេលថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំការប្រជុំមួយ ជាមួយមន្ទីរ និងអាជ្ញាធរក្រុង-ស្រុក សង្កាត់-ឃុំពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការដាំដុះស្រូវប្រាំងឲ្យបានល្អប្រសើរ ចៀសវាងការប្រឈមនានា ។ បន្ថែមលើនេះ នៅគ្រប់វេទិកាដែលឯកឧត្តមអភិបាលខេត្តជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តមក៏តែងតែរំលឹកពីបញ្ហានេះជារឿយៗ ប៉ុន្តែស្ថិតនៅលើការអនុវត្តជាក់ស្តែង គឺមិនបានដូចអ្វីដែលមន្ទីរ ក៏ដូចជាផែនការរបស់ខេត្តនោះទេ ។ មកដល់ពេលនេះ តំបន់ខ្លះបានច្រូតកាត់ស្រូវប្រាំងលើកទី ១ ហើយក៏បានចាប់ផ្តើមធ្វើការដាំដុះលើកទី ២ បន្ថែមទៀត ។ ជាសរុបមកដល់ពេលនេះ ផ្ទៃដីស្រូវប្រាំងនៅក្នុងខេត្តបាត់ដំបង បានកើនឡើងដល់ប្រមាណ ៥០.០០០ ហិកតាហើយ និងបានធ្វើឲ្យតំបន់មួយចំនួន មានការប្រឈមជាមួយនឹងការខ្វះខាតទឹក ជាពិសេសតំបន់មួយចំនួនដែលស្ថិតនៅផ្នែកខាងក្រោមផ្លូវជាតិលេខ ៥ ។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ហើយទន្ទឹមនេះ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ចំនួន ០៣ ចំណុចបន្ថែម នោះគឺ ៖

– ចំណុចទី ១ ៖ ប្រព័ន្ធធារាសាស្ត្ត្រ កង្ហត គឺគ្របដណ្តប់លើផ្ទៃដីទូលំទូលាយច្រើន ហើយការដាំដុះនៅតំបន់នោះ ក៏មិនទាន់មានកម្មវិធីដាំដុះត្រឹមត្រូវនៅឡើយដែរ ដូចនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវតែសហការជាមួយនឹងមន្ទីរ និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំកម្មវិធីដាំដុះឲ្យបានសមស្រប ព្រោះថា ប្រសិនបើបងប្អូនប្រជាកសិករ នៅតែបន្តធ្វើព្រមៗគ្នារបៀបនេះ លើផ្ទៃដីរាប់ម៉ឺនហិកតាទៀតនោះ បើទោះបីជាប្រឡាយយើងមានទំហំធំប៉ុណ្ណាក៏ដោយ ក៏មិនអាចផ្តល់ទឹកគ្រប់គ្រាន់ដែរ ព្រោះនៅពេលមានតម្រូវការទឹក គឺមានព្រមៗគ្នាទាំងអស់ ដូចនេះ អ្នកដែលនៅផ្នែកខាងក្រោម នឹងប្រឈមជាមួយនឹងការខ្វះខាត ។ ផ្ទុយទៅវិញ ប្រសិនបើយើងរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវល្អ ពោលគឺដាំដុះប្រដេញគ្នាជាបន្តបន្ទាប់ ពីតំបន់មួយទៅតំបន់មួយ នោះតម្រូវការទឹកក៏មិនមានព្រមៗគ្នាដែរ គឺមានតាមវេន ឬតំបន់នីមួយៗ ដូចនេះ ទាំងអ្នកខាងលើ និងអ្នកខាងក្រោម គឺអាចទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ស្មើៗគ្នា ។

– ចំណុចទី ២ ៖ បើទោះបីថា មកដល់ពេលនេះការដាំដុះស្រូវប្រាំង គឺបានធ្វើលើសពីផែនការ ឬពីសក្តានុពលទឹកដែលមាន ប៉ុន្តែ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឲ្យមន្ទីរបន្តជួយអន្តរាគមន៍ឲ្យអស់លទ្ធភាព ។ ទន្ទឹមនឹងការអន្តរាគមន៍នេះ ក៏ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ទៅលើការរក្សាទឹកទុកសម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ ។ បើយោងតាមការព្យាករ គឺអាចរហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ ឯណោះ ទើបមានភ្លៀងកក់ខែឡើងវិញ ដូចនេះ រដូវប្រាំងខាងមុខនេះ អាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។

– ចំណុចទី ៣ ៖ គឺជាចំណុចដែលមានការប្រឈមខ្ពស់ នោះគឺនៅក្នុងស្រុកមោងឫស្សី ដែលមកដល់ពេលនេះ អាងទឹកបាសាក់ គឺមានទឹកតិចតួច ហើយភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល ០២ យប់កន្លងមកនេះ ក៏មិនមានបរិមាណច្រើនដែរ ដូចនេះ ទឹកនៅក្នុងអាងទឹកបាសាក់ គឺរក្សាទុកសម្រាប់តែក្នុងគោលដៅប្រើប្រាស់ប្រចាំថ្ងៃ នារដូវប្រាំងខាងមុខតែប៉ុណ្ណោះ ។ ប្រសិនបើមានការប្រើប្រាស់ខុសគោលដៅ ស្រុកមោងឫស្សី អាចនឹងប្រឈមការខ្វះខាតទឹក ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close