ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គុណភាពនៃការអនុវត្តន៍ហ្វឹកហ្វឺនកូនជាង

(សៀមរាប)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ

បើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គុណភាពនៃការអនុវត្តន៍ហ្វឹកហ្វឺនកូនជាងសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក” នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO)។ វគ្គបណ្តុះបណ្តាលនេះមាន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើនការយល់ដឹងដល់សិក្ខាកាម ពីការហ្វឹកហ្វឺនកូនជាង, ២.ចែករំលែកបទពិសោធន៍ ការចុះអធិការកិច្ចការងារហ្វឹកហ្វឺនកូនជាង រវាងប្រទេសនិងប្រទេស ក៍ដូចជាក្នុងតំបន់, ៣.កំណត់ធាតុគន្លឹះដែលជាការអនុវត្តន៍ល្អនៃស្ថាប័នក្នុងការអភិវឌ្ឍនិងអនុវត្ត ហ្វឹកហ្វឺនកូនជាងឱ្យមានគុណភាព, និង ៤.រៀបចំផែនការសកម្មភាព ដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីប្រទេសចំនួន៩ រួមមាន ប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ មកពីប្រទេសកម្ពុជា កូរ៉េ ភូមា ស្វីស អុីតាលី ចិន ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ថៃ និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងទៀត។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍លើកឡើងថា សម្រាប់កម្ពុជា តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាបន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% និងបានឆ្លងផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។ ការសម្រេចបាននូវការរីកចម្រើន និងការផ្លាស់ប្តូរដ៏គួរឱ្យស្ញប់ស្ញែងនេះ ជាមួយនឹងការអនុវត្តគោលនយោបាយបែរមុខទៅផ្តល់ការគាំទ្រដល់ការបង្កើតការងាររបស់រាជរដ្ឋាភិបាល ដោយការចាត់ទុកការងារនិងមុខរបរ គឺជាការគាំពារសង្គមដ៏ប្រសើរបំផុត បានផ្តល់លទ្ធភាពឱ្យ កម្ពុជាអាចបង្កើតការងារបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជន ដែលដល់អាយុធ្វើការក្នុងចំនួនដ៏ច្រើនក្នុងមួយឆ្នាំៗ និងកម្លាំងពលកម្មដែលបានចាកចេញពីវិស័យកសិកម្ម ក្នុងគោលបំណងស្វែងរកអនាគតប្រសើរជាងនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម។

ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស និងការធ្វើប្រសើរឡើង នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតវិធានការជំរុញ និងលើកទឹកចិត្តដល់អ្នកសិក្សា តាមរយៈធ្វើការងារ ការហាត់ការ និងការហ្វឹកហ្វឺនកូនជាង ដូចមានចែងក្នុងច្បាប់ស្តីពីការងារត្រង់ជំពូកទី៣ ដែលមាន ១៤ មាត្រា (មាត្រា៥១-៦៤) ជាពិសេសក្នុងមាត្រា៥៧ បាន ចែងថា សហគ្រាសទាំងឡាយដែលមានប្រើប្រាស់ កម្មករនិយោជិតច្រើនជាងហុកសិបនាក់ ត្រូវតែមានកូនជាងចំនួនស្មើនឹងមួយភាគដប់ (មានន័យថា ១០%) នៃចំនួន កម្មករនិយោជិត ដែលធ្វើការក្នុងសហគ្រាសនោះ។ ចាប់តាំងពីឆ្នាំ២០១៣ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានធ្វើការហ្វឹកហ្វឺនកូនជាងនៅតាមបណ្តាសហគ្រាសគ្រឹះស្ថាន សរុបចំនួន ៨៥៩៩៧ នាក់ ស្រី ៦៣១៤៥ នាក់ ដោយការអនុវត្តកន្លងមកនេះបានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួនដូចជា៖ (១).សហគ្រាស គ្រឹះស្ថានខ្លះមិនទាន់យល់ពីនិយមន័យ នៃការហ្វឹកហ្វឺនកូនជាង (២).សហគ្រាសគ្រឹះស្ថានខ្លះយល់ថាការងារនេះ ជាកាតព្វកិច្ចរបស់រដ្ឋ (៣).និយោជកមិនចង់អនុវត្ត ព្រោះគាត់យល់ឃើញថាការជ្រើសរើសកម្មករនិយោជិតមកបម្រើការងារសុទ្ធតែមានជំនាញ (៤).ការចំណាយច្រើនលើការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង (៥).សហគ្រាសគ្រឹះស្ថានប្តូរឈ្មោះ និងទីតាំង ដោយមិនបានជូនដំណឹង (៦).សហគ្រាសគ្រឹះស្ថានផ្តល់ទិន្នន័យមិនច្បាស់លាស់អំពីចំនួនកម្មករនិយោជិត (៧).ខ្វះខាតថវិកា និងមធ្យោបាយសម្រាប់ចុះត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីហ្វឹកហ្វឺនកូនជាង។

អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាមានគុណតម្លៃយ៉ាងខ្លាំង ចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពិសេសការអនុវត្តការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនក្នុងការ អនុវត្តការហ្វឹកហ្វឺនកូនជាង នៅតាមសហគ្រាស គ្រឹះស្ថានឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។

បន្ទាប់ពីបញ្ចប់នូវវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបាន៖

-យល់កាន់តែស៊ីជម្រៅនូវគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ ការងារនៅក្នុងប្រទេសរបស់ខ្លួន

-បែងចែកនូវតួនាទីរបស់និយោជក និងអង្គការកម្មករនិយោជិតនៅក្នុងវិធាននៃគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ការងារ ដើម្បីធ្វើឱ្យុប្រសើរឡើងនូវអន្តរការពី សាលាទៅកន្លែងធ្វើការ

-កំណត់បាននូវអ្វីដែលជាការងារត្រូវលើកកម្ពស់បទពិសោធន៍សម្រាប់យុវជននៅក្នុងតំបន់ និងក្រៅតំបន់

-កំណត់នូវជំហានបន្ទាប់ដើម្បីលើកកម្ពស់បទពិសោធន៍ការងាររបស់យុវជនសម្រាប់ប្រទេសពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close