អាជ្ញាធរ​សម្រេចបិទស្ពានភ្ជាប់និស្ស័យប្រាសាទមេបុណ្យ ទៅ​ប្រាសាទបន្ទាយឆ្មារ ខណ:ភ្ញៀវច្រើន ទៅទស្សនា ពិធីអុំទូកសហគមន៍

ក្រោយ​ពីមានការ​ព្រមាន​ពី​លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ឱ្យមាន​ប្រយ័ត្នខ្ពស់បំផុត ពីគ្រោះថ្នាក់បាក់ស្ពាន​ភ្ជាប់និស្ស័យ ប្រាសាទមេបុណ្យ នៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណ:ភ្ញៀវជាតិ ច្រើនភ្លូកទឹកភ្លូកដី នាំគ្នាទៅទស្សនា ពិធីអុំទូកសហគមន៍ នៅកំពង់ទឹក នៃប្រាសាទមេបុណ្យ នោះ ទីបំផុត​អាជ្ញាធរ​បាន​សម្រេច​ធ្វើ​ការ​បិទស្ពាននោះហើយ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសរសេរក្នុងហ្វេសប៊ុករបស់លោកថាៈ “​ ប្រយ័ត្នគ្រោះថ្នាក់ ចូរមានការរីករាយ តែកំុឱ្យមានហេតុការណ៍ណា មិនល្អ ….. លើស្ពានមនុស្ស ច្រើនហួស កម្លាំងទ្រមិនរួច គាត់នឹងទម្លាក់ចោល គ្រោះថ្នាក់ណាស់ សូមឱ្យអ្នកចាត់ចែង បន្ថយ និងមានមធ្យោបាយ ការពារ និងសង្គ្រោះ មនុស្សចេះហែល ក៍គ្រោះថ្នាក់ដែរ កុំអាងការចេះ ?” ។ ដែលអាចសម្រួលន័យថា លោកព្រមានពីគ្រោះថ្នាក់ បាក់ស្ពានភ្ជាប់និស្ស័យ បារាយណ៍មេបុណ្យ ប្រវែងជាង ៨០០ ម៉ែត្រ ដែលកាលពី ២ ឆ្នាំមុន លោកនិងភរិយា បានសាងសង់ជូន សម្រាប់ការចូលទៅ ទស្សនាបារាយណ៍ និងប្រាសាទមេបុណ្យ។ បើមនុស្សច្រើនពេក នៅលើស្ពាននេះ ស្ពានគ្នាទ្រាំទ្រមិនបាន ហើយនឹងបាក់ទម្លាក់ចុះ បង្កគ្រោះថ្នាក់ ទោះចេះហែលទឹក កុំអាង វាក៏មិនងាយស្រួលដែរ។ ហេតុនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារចាត់​វិធានការដោះស្រាយ បង្ការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឱ្យសប្បាយក្លាយជាទុក្ខ ” ។

សូមបញ្ជាក់ថា កម្មវិធីរៀបចំប្រណាំងទូកសហគមន៍ បន្ទាយឆ្មារ ឆ្នាំ២០២២ ដែលប្តូរពី ប្រារព្ធធ្វើនៅកសិណប្រាសាទបន្ទាយឆ្មារ ទៅធ្វើក្នុងទឹកបារាយណ៍ប្រាសាទមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នាល្ងាចថ្ងៃទី៣០-៣១ ខែតុលា និង ១​ វិច្ឆិកា ឆ្នាំ២០២២។

លោក តាត សុផល.ប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ បានឱ្យដឹងថាៈ ទិសសម្រាប់អុំទូក គឺពីកើតមកលិច គឺស្របបណ្តោយនឹងស្ពានឈើ ហៅស្ពានភ្ជាប់ និស្ស័យនោះ ។ ហេតុនេះ ដើម្បីងាយស្រួលទស្សនា និងដោយមានទេសភាពល្អផង ទើបភ្ញៀវបាននាំគ្នា ទៅឈរលើស្ពាននោះ ដើម្បីទស្សនាទូកប្រណាំង។ ហើយស្ថាន ភាពទឹក ក្នុងបារាយណ៍ប្រាសាទមេបុណ្យ នាពេលនេះ ទឹកមានជម្រៅពី ២ ទៅ ២,៥ ម៉ែត្រ ។ ចំណុចខ្លះ នៅប៉ប្រះ ឬលិចស្ពានឈើនោះនៅឡើយ ។

លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៣១ ខែតុលា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់អនុសាសន៍ ដូចខាងលើ។ ក្នុងនោះ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ បន្តរៀបចំពិធីប្រណាំងទូកសហគមន៍ នៅបារាយណ៍ប្រាសាទមេបុណ្យ បន្ទាយឆ្មារ ជាធម្មតា នៅថ្ងៃត្រង់ថ្ងៃស្អែកទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបន្តបង្កលក្ខណៈសប្បាយ រីករាយ ហើយបិទបញ្ចប់ និងចែករង្វាន់ជូនជ័យលាភីក្រុមដូចធម្មតា ។ ប៉ុន្តែត្រូវបង្កើន ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ចៀសគ្រោះថ្នាក់ទាំងឡាយ ។

អង្គប្រជុំ បានសម្រេចចិត្តដ៏សំខាន់មួយ គឺបិទស្ពានភ្ជាប់និស្ស័យ មិនឱ្យភ្ញៀវដើរឆ្លងកាត់ ឬឈរទស្សនាពិធីប្រណាំងទូក ទៀតឡើយ នៅថ្ងៃស្អែក ព្រោះបារម្ភគ្រោះថ្នាក់ ដោយការបាក់ស្ពាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close