ក្រសួងសុខាភិបាល ស្នើ​អភិបាល​រាជធានី​ខេត្ត ណែនាំ​ពង្រឹង​សេវា​សង្គ្រោះបន្ទាន់ ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដឹក​សព ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បានចេញ​សេចក្តីណែនាំ ស្នើ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ណែនាំ​ពង្រឹង សេវា​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដឹក​សព ដែល​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ឡើយ​។​

​លិខិត​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួង​ធ្លាប់​បានធ្វើ​ការណែនាំ ករណី​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹក​សព (​ស្លាប់​ក្នុង​មន្ទីរពេទ្យ ឬ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​) ដឹក​ពី​មន្ទីរពេទ្យ ឬ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ទៅកាន់​លំនៅដ្ឋាន​សព​។ កន្លងមក​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌល​សុខភាព ដើម្បី​សហការគ្នា ពង្រឹង​សេវា​រថយន្ត​សង្គ្រោះបន្ទាន់ ជាពិសេស​សម្រាប់​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍ បាក់បែក​ឆ្អឹង ហូរឈាម ឬ​សន្លប់​ត្រូវការ​សង្គ្រោះ​អាយុជីវិត ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ យកចិត្តទុកដាក់​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ពង្រឹង​សេវា​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​គិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះ​បន្ទាន់ ឬ​ដឹក​អ្នករងរបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន និង​សេវា​រថយន្ត​ដឹក​សព​ទៅ​លំនៅដ្ឋាន​នៃ​សព ដោយ​ការទទួលខុសត្រូវ​ខ្ពស់​»៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close