សេដ្ឋកិច្ចតម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ៍​ចុះ​មក​ត្រឹម​ ​៣៣៥០រៀល​ក្នុង​មួយ​លីត្រ​

ទីបំផុត​ទៅ​ ​តម្លៃ​ប្រេងសាំង​ដែល​ត្រូវលក់​រាយ​តាម​ស្ថានីយ៍​ ​បាន​ចុះ​មក​ត្រឹម​ ​៣៣៥០រៀល​ប៉ុណ្ណោះ​នៅក្នុង​មួយ​លីត្រ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

តារាងតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១៦​ ​ដល់៣១​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​បាន​កំណត់​ ​តម្លៃ​ប្រេងសាំង​ធម្មតា​ ​៣៣៥០រៀល​ក្នុង​មួយ​លីត្រ​ ​និង​ ​ប្រេងម៉ាស៊ូត​ ​តម្លៃ​ ​៣៣៥០រៀល​ក្នុង​មួយ​លីត្រ​,​ ​ចំណែក​ប្រេងសាំង​ស៊ុប​ពែរ​ ​មិន​ត្រូវ​បាន​កំណត់​នោះ​ទេ​។

តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ការកំណត់​តម្លៃ​ប្រេង​លក់រាយ​តាម​ស្ថានីយ៍​នេះ​ ​គឺ​យោង​លើ​ការព្រមព្រៀង​ ​លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ ​ក៏ដូចជា​យោង​ការប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។

យ៉ាងណាក៏ដោយ​ ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ថា​ ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ ​គឺ​ ​៣៥១០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងសាំង​ធម្មតា​ ​និង​ ​៣៥១៥រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។​ ​តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​ ​និង​ដោយមាន​ការចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន៤សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​ទៀត​ ​ដូច្នេះហើយ​ទើប​ប្រេងសាំង​ចុះ​មក​ត្រឹម​ ​៣៣៥០រៀល​ក្នុង​មួយ​លីត្រ​ ​និង​ប្រេងម៉ាស៊ូត​ចុះ​មក​ត្រឹម​ ​៣៣៥០រៀល​ក្នុង​មួយ​លីត្រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close