ឆ្នាំនេះ! ពិធីព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ប្រារព្ធ​ឡើង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ​

​កំពង់ធំ​៖ បន្ទាប់​ខកខាន​អស់​ជាច្រើន​ឆ្នាំ ព្រោះតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នោះ នៅ​ថ្ងៃ​ព្រឹក​ចន្ទ ៤​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣​នេះ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល បាន​ប្រារព្ធ​ឡើងវិញ​ហើយ​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ ស្ថិតនៅ​ភូមិ​រូង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់បំផុត​របស់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះរាជ​ពិធី​ជា​ព្រះរាជ​បវេណី​ខ្មែរ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​។​

​ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ​ថា ជាការ​ចាប់ផ្តើម​ចូលដល់​រដូវវស្សា​ហើយ​។ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត​ឱ្យធ្វើជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ តំណាង​ព្រះអង្គ និង​ភរិយា ជា​ព្រះ​មេ​ហួ​។​

​ក្នុង​ព្រះ​រាជពិធី​នា​ព្រឹក​នេះ ក៏មាន​ការរៀបចំ​តាំង​បង្ហាញ​នូវ​ផលិតផល​កសិផល​មក​ពី​តាម​បណ្តា​ក្រសួង និង​រាជធានី​-​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះរាជ​បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក​។​

​ព្រះរាជ​ពិធី​នេះ​កាលពី​ដើមឡើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេរុ​នៅ​ជិត​ព្រះបរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​រាជានុញ្ញាត ឱ្យធ្វើ​នៅតាម​ខេត្ត​វិញ​ម្តង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះរាជ​បវេណី​ដ៏​សំខាន់​មួយ​នេះ​។​

​ក្នុង​ព្រះ​រាជពិធី​នេះ ក៏មាន​ការរៀបចំ​ចំណី​៧​មុខ​រួមមាន ស្រូវ​, ពោត​, ល្ង​, សណ្តែក​, ទឹក​, ស្រា និង​ស្មៅ ជា​អាហារ​ឱ្យ «​គោ​ឧសភរាជ​» បរិភោគ ដើម្បី​ផ្សង​ពី​ផលដំណាំ ដែលមាន​ផល​ល្អ មិនល្អ ឬ​មាន​រោគា​ផ្សេងៗ​ទៅលើ​សត្វ​ធាតុ​របស់​ប្រជាកសិករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close