សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​សម្របសម្រួល​សន្ដិសុខ​ជាតិ​សិង្ហ​បុរី​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ធា​វ ឈី​ហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​សម្របសម្រួល​សន្ដិសុខ​ជាតិ​សិង្ហ​បុរី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​ ​នៅក្នុង​ជំនួប​នេះ​ឯកឧត្តម ធា​វ ឈី​ហ៊ាន បាន​គោរព​សម្ដែង​នូវ​ការ អបអរសាទរ​ជូន​ដល់​សម្ដេច​តេ​ជោ ដែល​បានរៀបចំ​នូវ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​យ៉ាង​រលូន បាន​យ៉ាង​អស្ចារ្យ និង​ជោគជ័យ​។​

​ឯកឧត្តម បាន​ប្រសាសន៍ថា កីឡាករ កីឡាការិនី និង​អ្នក​ដែល​មក​ចូលរួម​បានទទួល​នូវ​ការរីករាយ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​។​ ​ឯកឧត្តម​ក៏បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ផងដែរ នៅក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ និង ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​បាន​យ៉ាង​ជោគជ័យ​។​

ឯកឧត្តម ធា​វ ឈី​ហ៊ាន ក៏បាន​គោរព​ជម្រាប​ខ្លួន​សម្ដេច​តេ​ជោ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈានឡើង​មួយ​ជំ​ហ៊ាន​ទៀត​។​
​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហ​បុរី ដែល​បាន​បញ្ជូន​កីឡាករ កីឡាការិនី​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា​ដែល​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា កាន់តែ​មាន​ភាព​អធិកអធម​។​

​សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ជូន​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុងឱកាស​ដែល​កម្ពុជា​រៀបចំ​និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ពាក់ព័ន្ធ​នឹង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឈានឡើង​មួយ​ជំហាន​ថែមទៀត​នោះ​។​សម្ដេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហើយ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ទាំងពីរ​ពិនិត្យមើល​ការជំរុញ​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង និង​អនុ​ស្សាណៈ​ដែល​បាន​ចុះហត្ថលេខា​ហើយ ជាពិសេស​លើ​វិស័យ​ថាមពល និង​វិស័យ​ទីផ្សារ​កា​បោ​ន​។​

​ជាមួយគ្នា​នោះដែរ​សម្ដេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ ដទៃ​ទៅទៀត ដែល​អាចធ្វើ​ទៅបាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close