សម្តេចតេជោ ស្នើឯកឧត្តម សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះសារសំឡេងមួយនៅលើគណនីផ្លូវការរបស់សម្តេច លើបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ដដឹកនាំសហព័ន្ធមួយនេះតទៅមុខទៀត។

សារសំឡេងសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បន្ទាប់ពីការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា ទទួលបានលទ្ធផលមិនល្អនោះ ឯកឧត្តម សៅ សុខា បានសុំលាលែងចេញពីតំណែង។ ប៉ុន្ដែភ្លាមៗសម្តេចបានសង្កេតឃើញថា ក្រោយទទួលបានព័ត៌មាននេះ មានមនុស្សជាច្រើនបានបង្ហាញនូវខកចិត្ត និងបង្ហាញអំពីការសោកស្ដាយ ចំពោះឯកឧត្តម សៅ សុខា ដែលធ្លាប់បានដឹកនាំបង្កើតការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។ សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា « ខ្លួនខ្ញុំផ្ទាល់[..]ក៏សូមចូលរួមនៅក្នុងសម្តែងនូវការសោកស្ដាយនេះផងដែរ ហើយក៏សុំធ្វើការកត់សម្គាល់ថា ចាប់តាំងពី ឯកឧត្តម សៅ សុខា ទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងរបស់យើងមានលទ្ធផលមិនទាន់តាមការចង់បានក៏ដោយចុះ ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនធ្លាប់មានកាលពីពេលមុន»។

បន្ថែមលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចង្អុលបង្ហាញបន្ថែមដល់ឯកឧត្តម សៅ សុខាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាថា មានប្រទេសច្រើនណាស់ ដែលកីឡាបាល់ទាត់មិនអាចទទួលបានលទ្ធផលល្អ បើទោះបីប្រទេសខ្លះ មានប្រជាជនដល់ជាង១ពាន់លាននាក់ រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ យើងមានប្រជាជនជាង១៧លាននាក់ យើងធ្វើបានប៉ុណ្ណេះ វាជាការល្អណាស់ហើយសម្រាប់កែវភ្នែកប្រជាជនកម្ពុជារបស់យើង ដែលធ្លាប់តែស្ថិតក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះ ធ្លាប់ទទួលបានលទ្ធផលល្អគាប់ប្រសើរ។ «ដូច្នេះ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្ដការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់តទៅទៀត ហើយនេះមិនមែនជាបញ្ហាដាច់ ដោយឡែករបស់ខ្ញុំ តែនេះជាបញ្ហារួម ដែលខ្ញុំតំណាងឱ្យរាជរដ្ឋាភិបាល អំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្ដតួនាទីនេះ ជាមួយនឹងការចង់បានរបស់កីឡាករ កីឡាការិនី កីឡាបាល់ទាត់ និងប្រជាពលរដ្ឋដែលគាំទ្រ កីឡាបាល់ទាត់ផងដែរ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close