សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន ក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សាអំពីវិធីសាស្ដ្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។

បន្ថែមពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភនិងផល ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តី សម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងឡាប៊ូន បាចូ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច និងឥស្សរជនអាស៊ាន មួយចំនួនផងដែរ។

គួរបញ្ជាក់ដែរថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជនមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញអមដំណើរសម្ដេចតេជោផងដែរ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ានខាងលើនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close