សម្តេចតេជោបញ្ជាឱ្យទប់ស្កាត់ និងបង្រ្កាបការកាប់ព្រៃឈើ ទន្ទ្រានយកដីពីសំណាក់ជនខិលខូច

នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតាមរយ:សារជាសំឡេងបានបញ្ជាដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យទប់ស្កាត់ និងបង្រ្កាបការកាប់ព្រៃឈើ ទន្ទ្រានយកដីពីសំណាក់ជនខិលខូច។

សារបានបញ្ជាក់ថា ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តអភិបាលខេត្ត តាមការសង្កេតនិងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅនិងពេលនេះ ដោយសារជិតកៀកបោះឆ្នោត ពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាព ក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិហើយតែងតែសង្កេតថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីគឺតែងតែកើតមាន ។ ដូច្នេះសូមរំលឹកដល់ក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាស នៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងតែជាប់រវល់ ទៅលើកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ បញ្ហាទាំងអស់នេះគឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់របស់ឯកឧត្តមលោកជំទាវដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ សុំយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែនក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងឡាយសុំមេត្តាគោរពច្បាប់ និងសុំកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់។ ហើយមិនអាចលើកលែងហើយយប់យល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ។ យើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ ហើយមិនអាចយកយល់រាល់កម្មភាពទាំងឡាយណាដែលល្មើសច្បាប់នៅក្នុងពេលវេលារាជរដ្ឋាភិបាលកំពុងជាប់រវល់ ។

ជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនក៏បានអំពាវនាវទៅដល់អ្នកដែលមានប្រាក់កាក់ ឬមានអំណាចដែលឈរនៅពីក្រោយខ្នងនៃជនខិលខូចឬប្រើប្រាស់ជនខូចទាំងនេះដើម្បីទៅកាប់ទន្ទ្រានយកព្រៃឈើ។ ហើយត្រូវដកខ្លួនចេញជាបន្ទាន់ប្រសិនបើមានការស្រាវជ្រាវឃើញថា មានកាចជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាក់ណាក៏ដោយ រដ្ឋាភិបាលនិងមិនអត់ឱនហើយក៏មិនលើកលែងចំពោះសកម្មភាពទៅពីក្រោយខ្នងនោះផងដែរ។

សារបានបញ្ជាក់ថា”ទទួលបាននូវបទបញ្ជានេះសុំឯកឧត្តមលោកជំទាវ ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនៅភាពអាណាធិបតេយ្យក្នុងការកាត់ទន្ទ្រានយកដីព្រៃ កាត់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ដោយមិនពន្យារពេល។ ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចឲ្យកើតឡើងងើបឡើងសារជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃឈើនិងដីធ្លីរបស់រដ្ឋនោះឡើយ”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close