សេដ្ឋកិច្ចក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​ ​ចង់​មក​បោះទុន​វិនិយោគ​ចិញ្ចឹម​បង្កង​នៅ​កម្ពុជា​

ប្រធានក្រុមប្រឹក្សាភិបាល Hubei Laker Group ដែលជាក្រុមហ៊ុនចិញ្ចឹមបង្កងដ៏ធំនៅប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគវារីវប្បកម្មបង្កងនៅក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើការកែច្នៃនាំចេញ។

ការបង្ហាញចំណាប់អារម្មណ៍នេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូក្រសួង ទៅទស្សនកិច្ចក្រុមហ៊ុន Hubei Laker Group ស្ថិតនៅទីក្រុង Qiangjiang ខេត្ត Hubei ប្រទេសចិនកាលពីចុងសប្តាហ៍នេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសចិនបច្ចុប្បន្នជួបនឹងបញ្ហាប្រឈមពីរធៀបនឹងកម្ពុជា គឺ ១.អាកាសធាតុនៅចិនមានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និង ២.ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។ ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយការវិនិយោគនេះអាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនចាត់បុគ្គលិកជំនាញចុះទៅពិនិត្យ និងសិក្សាពីទីតាំងដែលមានសក្តានុពលនៅកម្ពុជា ដោយសហការជាមួយរដ្ឋបាលជលផល និងរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឲ្យបានឆាប់នាពេលខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close