កម្ពុជា​កំពុង​ចាប់ដៃ​គូ​ពង្រីក​ទីផ្សារ​ជាមួយ​រុស្ស៊ី​ ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់​

ក្រៅពីទីផ្សារការនាំចេញសម្លៀកបំពាក់ទៅកាន់សហភាពអឺរុប និងសហរដ្ឋអាមេរិកនោះ កម្ពុជាកំពុងតែចាប់ដៃគូជាមួយប្រទេសរុស្ស៊ី ដោយផ្ដោតសំខាន់ទៅលើសម្លៀកបំពាក់សម្រាប់រដូវរងា អាវរោមសត្វ អាវធំ ដែលជាសក្ដានុពល ក្នុងការពង្រីកទីផ្សារធំក្នុងការនាំចេញសម្លៀកបំពាក់ពីកម្ពុជា នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ កាលពីថ្ងៃម្សិលមិញ

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីទីផ្សាររុស្ស៊ី កម្ពុជាគឺសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយ ដែលអាចចរចាចប់នៅឆ្នាំ២០១៩ខាងមុខនេះ ហើយនេះគឺជាទីផ្សារធំ មានមនុស្សជាងពាក់កណ្ដាលពិភពលោក ដែលកម្ពុជាមានឱកាសនាំចេញទៅកាន់ប្រទេស ផ្សេងៗជាច្រើនទៀតដូចជាប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី និងប្រទេស ណូវែលសេឡង់។ ឯកឧត្តមរំពឹងថា ក្នុងឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងមានភាពប្រកួតប្រជែង និងធ្វើការនាំចេញនូវផលិតផលបានច្រើន ជាពិសេសការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងារ ដែលរហូតមកដល់ពេលនេះ កម្ពុជាកំពុងចរចាបន្ដខិតខំជំរុញតាមនីតិវិធី និងយន្ដការនៃ ការសម្របសម្រួលទៅតាមប្រទេសនីមួយៗ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្ននេះ ការនាំចេញផលិតផលសម្រេចរបស់កម្ពុជា មិនទាន់មានអ្វីដែលធ្វើឱ្យប៉ះពាល់នោះទេ ដែលការវិនិយោគមកពីបរទេសគឺនៅតែមានច្រើន ជាពិសេសប្រទេសចិន ដែលបានមកវិនិយោគធ្វើរោងចក្រកែច្នៃដំឡូងមី រោងចក្រកែច្នៃមៀន ការបង្កើតរោងចក្រផលិតកាបូបជាដើម ដែលនេះជាសញ្ញាល្អក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាការ ធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចការកែទម្រង់ស៊ីជម្រៅ លើវិស័យជាច្រើនដូចជា ការពង្រឹងអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម ការកសាង និងវិសោធនកម្មលិខិតបទដ្ឋានច្បាប់ជាច្រើន ការដាក់ចេញនូវគោល នយោបាយពាណិជ្ជកម្មក្នុងប្រទេស ដើម្បីទ្រទ្រង់ថ្លៃកសិផល ការពារសុវត្ថភាពម្ហូបអាហារ ការពង្រីកកូតានាំចេញ អង្ករបន្ថែមទៅកាន់ទីផ្សារចិន និងទីផ្សារដទៃទៀត ការបើកច្រកទីផ្សារក្រៅប្រទេស តាមរយៈចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលកុ្ខណៈទ្វេភាគី និងពហុភាគីជាដើម។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានកំណើនប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះទទួលបានពីការបន្តកើន ឡើង នៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការ ខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង១៤៧ ប្រទេស នៅទូទាំងពិភពលោក។ ចំពោះ ការនាំចេញនេះ មានទំហំប្រមាណជា ៦០ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប របស់ កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close