សត្វ​ក្រៀល​កើនឡើង ខណៈ​មាន​កំណត់ត្រា​វិទ្យាសាស្ត្រ​ដំបូងបង្អស់ នៅ​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​

​សត្វ​ក្រៀល​ជា​ប្រភេទ​បក្សី​ដែលមាន​ទំងន់​ធ្ងន់ និង​ខ្ពស់​ជាងគេ​ហើយ​អាច​ហើរ​បាន​ក្នុង​រយះ​ចម្ងាយ​ឆ្ងាយ ដែល​ប​ច្ចុ​ប្បន្ត​កំពុងតែ​ទទួលរង​ការ​គម្រាមកំហែង​ឈានទៅ​ជិត​ផុត​ពូជ​អាស្រ័យ​ដោយ​ចំនួន​ប្រជាសាស្ត្រ​មានការ​ថយចុះ​។ តាម​ទិន្នន័យ​ជំរឿន​ចំនួន​កត់ត្រា​បាន​ខ្ពស់បំផុត​នៅ​កម្ពុជា​និង​វៀតណាម​មាន​៨៧៨​ក្បាល​ក្នុង​២០០២​ធ្លាក់​មកដល់​១៥៦​ក្បាល​ក្នុង​ឆ្នាំ​២០២២​។​

​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NLC), អង្គការ​សមាគមន​អភិរក្ស​សត្វព្រៃ (WCS), អង្គការ​មូលនិធិ​សត្វ​ក្រៀល (ICF) បានធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣​នៅតាម​ទីតាំង​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​និង​វៀតណាម​ដូចជា​តំបន់​ដីសណ្តរ​ទន្លេមេគង្គ តំបន់​ជំវិញ​បឹង​ទន្លេសាប និង​តំបន់​ព្រៃរបោះ​ខ្ពង់រាប​ភាគ​ខាងជើង​និង​ឥ​សាន្ត​។​កាលបរិច្ឆេទ​នៃ​ការធ្វើ​ជំ​រឿង​សត្វ​ក្រៀល​នៅ​ប្រទេស​កម្ពុជា​គឺធ្វើឡើង​នៅ​ខែធ្នូ មករា គុ​ម្ភះ មីនា មេសា និង​ខែឧសភា​។ លទ្ធផល​ជំរឿន​ចុង​ក្រោយនេះ​កត់ត្រា​បាន​ក្រៀល​ចំនួន​ខ្ពស់បំផុត​ក្នុង​ខែ​គុ​ម្ភះ​គឺ​១៨០​ក្បាល តួលេខ​ថ្មី​នេះ​បង្ហាញ​សញ្ញា​វិជ្ជមាន​បើ​ប្រៀបធៀប​ទៅ​និង​លទ្ធផល​ឆ្នាំ​២០២២​ដែល​រាប់​បានតែ​១៥៦​ក្បាល និង​ឆ្នាំ​២០២១​រាប់​បានតែ​១៦១​ក្បាល​។ សត្វ​ក្រៀល​២​ក្បាល​បាន​កត់ត្រា​បាន​ក្នុងប្រទេស​វៀតណាម​ក្នុងកំឡុងពេល​ជំរឿន​នេះ​។​

​សំបុក​របស់​សត្វ​ក្រៀល​ដែលជា​សត្វ​កំពុង​រង​ការគំរាមកំហែង​ជា​សាកល​មួយ​សំបុក​រួមទាំង​សត្វ​ក្រៀល​ពេញវ័យ​មួយគូ ត្រូវបាន់រ​គេ​ប្រទះឃើញ​រស់នៅក្នុង​ទីជម្រក​វាលទំនាប​នៃ​តំបន់​ទន្លេមេគង្គ ក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ខេត្តក្រចេះ​។ នេះ​ជា​របកគំហើញ​ថ្មី​បំផុត​ផ្អែក​តាម​សេចក្តីរាយការណ៍ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​មន្ទី​រ​បរិស្ថាន​ខេត្តក្រចេះ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF កម្ពុជា​។ កាលពី​ម្សិលមិញ ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​អំពី​វត្តមាន​របស់​សត្វ​ក្រៀល​មួយ​សំបុក​នេះ​នៅក្នុង​តំបន់​នៃ​ដែន​ជម្រក បន្ទាប់ពី​ពួកគេ​បានទទួល​ព័ត៌មាន​អំពី​វត្តមាន​សត្វ​នេះ​ពី​ប្រជាជន​សហគមន៍​ហើយ​បាន​ចុះ​ពិនិត្យ និង​បាន​កត់ត្រា​ដល់ទី​តាំង​ក្នុង​តំបន់​ទីជម្រក​នោះ​។

​ដោយ​ក្តីរំភើប​ចិត្តជា​ខ្លាំង លោក អៀម សំ​អ៊​ន់ ប្រធាន​កម្មវិធី​ស្រាវជ្រាវ​សត្វព្រៃ​របស់​អង្គការ WWF បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរកឃើញ​នេះ ដោយបាន​បញ្ជាក់ថា​វា​គឺជា​កំណត់ត្រា​វិទ្យាសាស្ត្រ​ដំបូងបង្អស់​នៃ​សំបុក​សត្វ​ក្រាល​រួម​ជាមួយនឹង​សត្វ​ពេញវ័យ​បន្ត​ពូជ​មួយគូ​ផងដែរ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ​សម្រាប់​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​។ លោក​បាន​និយាយទៀតថា​៖ របកគំហើញ​ដ៏​អស្ចារ្យ​នេះ​ពិតជា​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​បន្ថែមទៀត​ការពារ​ក្នុង​តំបន់​ទីជម្រក​ពី​សំណាក់​ដៃគូ​រដ្ឋាភិបាលរ​បស់​យើង សហគមន៍ អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។
​សត្វ​ក្រៀល​គឺជា​សត្វ​ស្លាបមាន​មាឌធំ​មួយ​ប្រភេទ​ដែល​អាចធ្វើ​ចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ក្នុង​បញ្ជី​ក្រហម IUCN​។ ក្នុង​ខែកក្កដា ឆ្នាំ​២០២៣ នេះដែរ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​កត់ត្រា​ទុក​នូវ​សត្វ​ក្រៀល ចំនួន ៤ ក្បាល​ផ្សេងទៀត ដែល​កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​តំបន់ការពារធម្មជាតិ​មួយទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ WWF ។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​« វា​ជា​ដំណឹង​ដ៏​រីករាយ​ដែល​លទ្ធផល​ជំរឿន​ឆ្នាំ​២០២៣​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​ព្រោះថា​ទិន្នន័យ​ជំរឿន​សត្វ​ក្រៀល​ក្នុង​រយះពេល​១០​ឆ្នាំ​ចុងក្រោយ​បានបង្ហាញ​និន្នាការ​ថយចុះ​រហូត​។ ក្រសួងបរិស្ថាន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដែល​លទ្ធផល​ពេលនេះ​បានបង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ និង​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​ចំពោះ​សត្វព្រៃ​។​ចំពោះ​សត្វ​ក្រៀល​នេះ ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​ជាក់ស្តែង​នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣​បានចេញ​សេចក្តីសំរេច​បង្កើត​ក្រុមការងារ​អភិរក្ស​ក្រៀល​ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត​ដើម្បី​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វ​នេះ​តាមរយៈ​ការអនុវត្ត​ច្បាប់ ការស្រាវជ្រាវ ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​អប​រ់​ផ្សព្វផ្សាយ​»​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​កិច្ចខិតខំ​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ក្រសួងបរិស្ថាន និង​អង្គការ WWF ហើយ​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ឲ្យ​បន្ត​ស្រាវជ្រាវ ការពារ និង​គ្រប់គ្រង​តំបន់​ទីជម្រក​សត្វ​ក្រៀល​នេះ និង​សត្វព្រៃ​ទាំងអស់​ក្នុង​ដែន​ជម្រក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដើម្បី​ថែរក្សា​សត្វព្រៃ និង​ធនធានធម្មជាតិ​ឲ្យ​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​ការអភិរក្ស និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​យូរអង្វែង​។

​ឯកឧត្តម​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន ជាមួយនឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជារួម និង​ដោយឡែក​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ជាមួយ​អង្គការ WWF ក្នុងការ​គ្រប់គ្រង​ដែន​ជម្រក​សត្វ​សំបូរ​នេះ​។​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​ពេញលេញ កម្ពុជា​មានឱកាស​ពេញលេញ និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន​ទាំងអស់​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឲ្យ​បញ្ឈប់​ការដាក់​អន្ទាក់ ការ​បរបាញ់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​មក​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​ជាមួយ​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ និង​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បញ្ឈប់​ការលក់ ទិញ​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​យើង​រួមគ្នា​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វ​ខុសច្បាប់​នៅ​កម្ពុជា ហើយ​រួមគ្នា​ជំរុញ​ការអភិរក្ស​ធនធាន​ស​ត្វ​ព្រៃ និង​ជីវៈចម្រុះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ពង្រឹង​វិស័យ​អេកូ​ទេសចរណ៍ និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រុងរឿង​ថែមទៀត​»​។​

​របកគំហើញ​ថ្មី​នាពេលនេះ​នាំមក​នូវ​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស​សត្វ​ស្លាប​ទាំង​ក្នុង​តំបន់​ការពារ និង​ជម្រក​ធម្មជាតិ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​។ សូមបញ្ជាក់​ផងដែរ​នៅ​ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​បាន​កត់ត្រា​ចំនួន​សត្វ​ក្រៀល​សរុប ចំនួន ១៥៦ ក្បាល ក្នុង​ក្របខ័ណ្ឌ​នៃ​ជំរឿន​សត្វ​នេះ​តាម​បណ្តា​តំបន់​ទីជម្រក​សំខាន់ៗ​នៅ​ទូទាំងប្រទេស​។​
​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្ម​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​« ប្រទេស​កម្ពុជា​នៅមាន​វត្តមាន​សត្វ​ក្រៀល​ក្នុង​ទីជម្រក​ធម្មជាតិ​ក្នុង​ចំនួន​មួយ​គួរអោយកត់សំគាល់ ប៉ុន្តែ​សត្វ​នេះ​កំពុង​ប្រឈម​និង​កត្តា​គំរាមកំហែង​ជាច្រើន​ដែល​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​។

ឈ្លាត​ក្នុង​ឳ​កាស​នេះ​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តមរ​ដ្ខ​មន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​បង្កើត​ក្រុមការងារ​អភិរក្ស​សត្វ​ក្រៀល​កម្ពុជា​ដើម្បី​គាល​គរ​ធនធាន​ក្នុងការ​អនុវត្ត​ផែនការ​អភិរក្ស​សត្វ​ក្រៀល​រយះពេល​១០​ឆ្នាំ​(២០២០-២០៣០)​នៅ​កម្ពុជា​។​»«​យើង​សង្ឃឹមថា​តាមរយះ​ការខិតខំ​ប្រឹង​ប្រែ​របស់​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​និង​មានការ​ចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​សំខាន់ៗ​មួយចំនួន​ដូចជា​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NLC), អង្គការ​សមាគមន​អភិរក្ស​សត្វព្រៃ (WCS), អង្គការ​ដី​សើម​និង​សត្វ​ស្លាប​ទឹក​(WWT), អង្គការ​មូលនិធិ​សលក​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF), មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ (ACCB) កត្តា​គំរាមកំហែង​ដស់​សត្វ​ក្រៀល​ដែល​បានចែង​ក្នុង​ផែនការ​១០​ឆ្នាំ​និង​ត្រូវបាន​ដោះស្រាយ សត្វ​ក្រៀល​យើង​និង​បន្ត​កើន​ឡើងវិញ​»​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close