ឆេះផ្ទះនៅ​សង្កាត់ព្រៃវែងយប់មិញ ស្លាប់​ស្រ្តីជនពិការម្នាក់ ក្រោយចេញផ្ទះមិនរួច

នាវេលាម៉ោង​ប្រមាណ១ និង​៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០២៣នេះ មានករណីអគ្គិភ័យ​មួយបានកើតឡើងនៅចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ​បានបណ្តាល​ឱ្យ​ស្លាប់ស្រ្តីម្នាក់ជាជនពិការ។

បើយោងតាមរបាយការណ៍សមត្ថកិច្ច ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៧x៨ម៉ែត្រ ជាប្រភេទផ្ទះឈើលើថ្មក្រោម មានផ្ទះ​ឈ្មោះ​ មុំ​ ថុន​ ភេទ​ ប្រុស​ អាយុ​ ៥៧​ ឆ្នាំ​ មុខរបរ​ រត់​កង់​បី​ ។

ចំពោះជនរងគ្រោះដែលបានស្លាប់មានអាយុ​៤៣ឆ្នាំ ជាជនពិការ។

ករណីអគ្គិភ័យនេះ កងកម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០២រថយន្ត​ ស្មើ​នឹង​ ០៨​ មែត្រ​គូប។​ ករណី​អគ្គីភ័យ​ខាងលើ​នេះ​ត្រូវ​បាន​ពន្លត់​ចប់​នៅ​វេលាម៉ោង​ ០២:៥៧​ នាទី​យប់​។

ដោយឡែកចំពោះមូលហេតុដែលបណ្តាល​ឱ្យ​កើតមានគ្រោះអគ្គិភ័យនេះវិញ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាល​មក​ពីទុស្ទសេខ្សែភ្លើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close