USAID មរតកបៃតង ៖ សត្វពង្រូល ជាប្រភេទថនិកសត្វជិតផុតពូជបំផុត ត្រូវគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា

សត្វពង្រូល គឺជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពង្រូលជាសត្វមានអណ្តាតវែងស្អិត ដែលអំណោយផលយ៉ាងល្អ ក្នុងការចាប់យកសត្វស្រមោច, កណ្តៀរ, និងសត្វល្អិតដទៃទៀតជាអាហារ បានយ៉ាងងាយស្រួល ដោយវាស៊ីសត្វល្អិតដល់ទៅ៧០លានក្នុងមួយឆ្នាំ។

មន្ត្រីអង្គការ USAID មរតកបៃតង បានឱ្យដឹងថា ជាធម្មតាកូនសត្វពង្រូលតោងកន្ទុយមេរបស់វា រយៈពេលបីខែដំបូង រហូតដល់កូនពង្រូលដុះស្រការឹងមាំ។ តើអ្នកដឹងទេថា សត្វពង្រូលក៏អាចហែលទឹកឆ្ងាយៗបានយ៉ាងល្អផងដែរ។

តួខ្លួនរបស់សត្វពង្រូល គ្រប់ដណ្តប់ទៅដោយស្រកាដ៏ក្រាស់ ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វាផងដែរ។ នៅពេលដែលវាទទួលរងការវាយប្រហារ សត្វពង្រូលតែងរមួលខ្លួនឱ្យមានរាងមូលដូចជាបាល់ ដើម្បីការពារពោះរបស់វាដែលជាចំណុចងាយរងគ្រោះ ហើយស្រការបស់វាបានធ្វើជាខែលដ៏រឹងមាំ ដើម្បីការពារខ្លួនពីសត្វប្រមាញ់ផ្សេងៗ ដូចជាខ្លារខិន ជាដើម។ ប៉ុន្តែយុទ្ធសាស្ត្រការពារខ្លួនបែបនេះ បានធ្វើឱ្យសត្វពង្រូលបែរជាងាយរងគ្រោះ ពេលជួបមនុស្សទៅវិញ ដោយមនុស្សអាចចាប់រើសវាបានយ៉ាងងាយ នៅពេលគេប្រទះឃើញវា កត្តានេះក៏បានធ្វើឱ្យសត្វពង្រូលងាយរងគ្រោះជាងគេ ក្នុងការជួញដូរសត្វព្រៃ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close